ចាប់ឃា..ត់ខ្លួនមនុស្សចំនួន៦នាក់ និងរឹបអូសយកគ្រឿងចក្រទាំងអស់ កសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់ភ្លាម
ខេត្តព្រៃវែង ៖ ក្រោយពីសារព័ត៌មានបានចុះផ្សាយអំពីសកម្មភាពគ្រឿងចក្រមួយវង់ធំ ដែលបានលួចជីកដីបឹងជីផុច យកដីបាតបឹង ទៅចាក់លុបមាត់បឹង យកធ្វើជាកម្មសិទ្ធិឯកជន នៅក្នុងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែកុម្ភៈនោះ មិនបានប៉ុន្មានម៉ោងផង គេបានឃើញកម្លាំងកងរាជអាវុធហត្ថស្រុកមេសាង បានចុះទៅបង្ក្រាបភ្លាមៗ ដោយបានចាប់ឃាត់ខ្លួនមនុស្សចំនួន៦នាក់ និងរឹបអូសយកគ្រឿងចក្រទាំងអស់នោះ កសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់ភ្លាម ។
ជនដែលត្រូវបានចាប់ឃាត់ខ្លួន ទាំង ៦នាក់នេះ រួមមាន ៖
១. ឈ្មោះ អាំ យូ ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង (អ្នកជួលគ្រឿងចក្រ ដើម្បីយកមកស្ដារព្រែក)។
២. ឈ្មោះ អ៊ន់ អាត ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិឬស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង (ម្ចាស់អេស្កាវ៉ាទ័រ និងអាប៊ុលរុញដី)។
៣. ឈ្មោះ អ៊ុត វាសនា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រែកស្បូវ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្ដាល (អ្នកបើកបរអាប៊ុលរុញដី)។
៤. ឈ្មោះ អាំ សុភ័ណ្ឌ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឬស្សីជួរ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង (អ្នកបើកបរអេស្កាវ៉ាទ័រ)។
៥. ឈ្មោះ ធា ប៊ុនថន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិសំរោងឬស្សី ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង (អ្នកបើកបររថយន្ដដឹកដី)។
៦. ឈ្មោះ ដូង សិត ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិសំរោង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង (អ្នកបើកបររថយន្ដដឹកដី)។
ចំណែកគ្រឿងចក្រ ដែលជាវត្ថុតាង ត្រូវបានចាប់ឃាត់ រួមមាន ៖
១. អេស្កាវ៉ាទ័រ ចំនួន០១គ្រឿង ម៉ាកខេត (CAT) ព៌ណលឿង
២. អាប៊ុលរុញដី ចំនួន០១គ្រឿង ម៉ាកគុម៉ាស៊ុ (KUMASU) ព៌ណលឿង
៣. រថយន្ដដឹកដី ចំនួន០៣គ្រឿង ៖
• ម៉ាកហ៊ីយ៉ាន់ដាយ
(HYUNDAI)ព៌ណស ស្លាកលេខ កំពង់ស្ពឺ 3A 3375
• ម៉ាកហ៊ីយ៉ានដាយ
(HYUNDAI)ព៌ណស ស្លាកលេខ កំពត 3A 1715
-ម៉ាកហ៊ីណូ(HINO)ព៌ណត្រួយចេក គ្មានស្លាកលេខ ។
ប្រជាពលរដ្ឋទាំង ៦ភូមិ ស្មើនឹង ៨៤០គ្រួសារ ដែលបាននាំគ្នាផ្ដិតមេដៃ ប្ដឹងពីសកម្មភាពជីកដីបឹង និងចាក់ដីរំលោភយកដីបឹងនេះ បានសម្ដែង នូវក្តីត្រេកអរ និងសប្បាយរីករាយជាខ្លាំង នៅពេលបានឃើញកម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាប និងចាប់ឃាត់ខ្លួន ក្រុមជនខិលខូចទាំងអស់នេះ ។
ប្រជាពលរដ្ឋនៅស្រុកមេសាង បានបញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី២៧ កុម្ភៈនេះថា ក្រុមគ្រួសារសាច់ញាតិរបស់ជនខិលខូចទាំង ៦នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន កំពុងរត់ខ្វែងដៃខ្វែងជើង រកខ្សែរយៈពឹងពាក់ ដើម្បីរំដោះអ្នកទាំងនោះត្រឡប់មកវិញ ចំណែកឯប្រជាពលរដ្ឋ ក្នុងស្រុកមេសាង ក៏កំពុងទន្ទឹងរង់ចាំមើលថា តើក្រុមជនខិលខូចទាំងអស់នេះ នឹងអាចរួចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណា ? ជនសង្ស័យ និងគ្រឿងចក្រ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងរួចហើយ ៕