ការធ្វើសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ នៃអាជ្ញាធរជាតិអប្សរា បញ្ចប់ដោយជោគជ័យ
ភ្នំពេញ៖ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ បានរៀបចំពិធីបិទសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុនហៅកាត់ថា JQA (Japan Quality Assurance) ក្រោយពីចុះពិនិត្យវាយតម្លៃនៅតាមនាយកដ្ឋានអង្គភាពចំណុះឱ្យអាជ្ញាធរជាតិអប្សរា និងចុះត្រួតពិនិត្យនៅតាមរមណីយដ្ឋានអង្គរដោយផ្ទាល់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងគោលបំណងដើម្បីបញ្ជាក់ថាតើប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ បន្តអនុលោមជាប្រចាំ ស្របតាមស្ដង់ដារដែរឬទេ? ដែលបានបញ្ចប់ការធ្វើសវនកម្មដោយជោគជ័យ។
ក្រោមអធិបតីភាព ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក ម៉ាម៉ូរុ យ៉ាម៉ាដា (YAMADA MAMORU) តំណាងស្ថាប័ន JQA និងជាសវនករ ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន រួមទាំងអ្នកជំរុញការងារបរិស្ថានគ្រប់នាយកដ្ឋានពាក់ព័ន្ធ។
លោក ម៉ាម៉ូរុ យ៉ាម៉ាដា ធ្វើបទបង្ហាញក្រោយពីធ្វើសវនកម្មរយៈពេល៣ថ្ងៃមកនេះ បានលើកឡើងថា គឺពុំមានប្រទះឃើញភាពមិនអនុលោមនៅលើកនេះ។ ដូច្នេះ ប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា នៅតែបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ លើសពីនេះ ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា បានកំណត់នូវពាក្យគន្លឹះមួយថា គោលដៅបៃតង (Green Destination)។ មានសកម្មភាពជាច្រើនទាក់ទងនឹងគោលដៅបៃតង មានការដាំដើមឈើ ផលិតជីកំប៉ុស្ដិ៍ និងការថែរក្សាទឹកជាដើម។
ឯកឧត្តម ឡុង កុសល មានប្រសាសន៍ថា ការតាំងចិត្តរបស់ថ្នាក់ដឹកនាំចំពោះការបន្តនិងផ្តល់នូវការគាំទ្រសព្វបែបយ៉ាងដើម្បីឱ្យកិច្ចការនេះប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។
ឯកឧត្តមបន្តថា នៅពេលបច្ចុប្បន្នយើងសង្កេតឃើញថា មានកិច្ចការជាច្រើនដែលអាជ្ញាធរជាតិអប្សរា បានធ្វើ ហើយជាបន្តបន្ទាប់ អាជ្ញាធរជាតិអប្សរា កំពុងស្ថិតនៅក្នុងភាពមមាញឹក លើកិច្ចការអភិរក្ស ទាំងកិច្ចការបរិស្ថាន និងទេសចរណ៍ ហើយទាំងថ្នាក់ដឹកនាំ ក្រុមការងារទទួលបន្ទុកមិនរាថយលើកិច្ចការងារទាំងនោះដែរ ដែលចំណុចនេះឯកឧត្តម ឡុង កុសល បានលើកទឹកចិត្ត សូមផ្តល់នូវថាមពលដើម្បីគាំទ្រលើកិច្ចការងារនេះដើម្បីឱ្យការងារបានសម្រេចបានលទ្ធផលល្អប្រសើរដូចក្នុងឱកាសនេះ៕