មនុស្សជាច្រើនសម្បើមនៅក្នុងប្រទេសឥណ្ឌា ប្រមូលផ្តុំគ្នាចូលរួមនៅថ្ងៃចុងក្រោយនៃពិធីបុណ្យសាសនាហិណ្ឌូ «Maha Kumbh Mela»
ញូវដេលី៖ ក្រុមមនុស្សដ៏ច្រើនសម្បើមនៅក្នុងប្រទេសឥណ្ឌា បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធទី២៦កុម្ភៈ សម្រាប់ការចូលរួមនៅថ្ងៃចុងក្រោយនៃពិធីបុណ្យសាសនាហិណ្ឌូ «Maha Kumbh Mela» មានរយៈពេលប្រាំមួយសប្តាហ៍ ខណៈអាជ្ញាធរអះអាងថា ពិធីបុណ្យនេះបានទាក់ទាញមនុស្សចំនួនសរុប៦៦៣លាននាក់ ដោយគេរំពឹងថា នឹងអាចលុបបំបាត់អំពើបាបរបស់ពួកគេបាន តាមរយៈការងូតទឹកនៅក្នុងទឹកទន្លេដ៏ពិសិដ្ឋ។
ជាមួយក្រុមមនុស្សដ៏ច្រើនបែបនេះ អាជ្ញាធរឥណ្ឌាបានបន្ថែមសន្តិសុខ និងរឹតបន្តឹងចរាចរណ៍សម្រាប់ថ្ងៃចុងក្រោយ បន្ទាប់ពីក្រុមមនុស្សយ៉ាងច្រើននាំឱ្យមានការកកស្ទះចរាចរណ៍ជាច្រើនគីឡូម៉ែត្រ។
ឥណ្ឌាបានប្រារព្ធពិធីបុណ្យ «Maha Kumbh» ឬ «Great Pitcher Festival» ជារៀងរាល់១២ឆ្នាំម្ដង ខណៈពិធីបុណ្យនេះ ជាព្រឹត្តិការណ៍សាសនាដ៏សំខាន់មួយ ដែលបង្កើតកំណត់ត្រាពិភពលោកសម្រាប់ការប្រមូលផ្តុំមនុស្សច្រើនបំផុត។ យ៉ាងណាអាជ្ញាធរអះអាងថា មនុសស្សចូលរួមពិធីបុណ្យនេះសរុបមានចំនួនរហូតទៅដល់ទៅជាង៦៦៣លាននាក់ ខណៈចំនួននេះ គឺជិត២ដងនៃចំនួនប្រជាជនសហរដ្ឋអាម៉េរិក។
ការរត់ជាន់គ្នា បានសម្លាប់មនុស្សរាប់សិបនាក់ និងជាច្រើននាក់ទៀតរងរបួសនៅថ្ងៃបុណ្យដ៏ឧត្តុង្គឧត្តមបំផុតមួយនេះ កាលពីខែមុន ទន្ទឹមនឹងអាជ្ញាធរព្យាយាមដើម្បីធានាបាននូវការបញ្ចប់ពិធីបុណ្យសាសនាដ៏ធំបំផុតមួយនេះដោយរលូន។
ជាចុងក្រោយ អ្នកកាន់សាសនាហិណ្ឌូជឿជាក់ថា ទឹកទន្លេបរិសុទ្ធហ្កាំងហ្កា(Ganga), ទឹកទន្លេយ៉ាមូណា (Yamuna) និងទឹកទន្លេសារ៉ាស្វាទី (Saraswati) គឺជាទឹកដ៏បរិសុទ្ធដែលអាចលាងសម្អាត ឬលុបបំបាត់អំពើបាបទាំងពួងបាន៕