អនុសាសន៍សំខាន់ៗរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំនួន១៧ ដើម្បីជំរុញល្បឿនការងារ និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងសកលលោក ក្នុងវិស័យទេសចរណ៍ !!!

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និង លើកទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានផ្តល់អនុសាសន៍សំខាន់ៗ ចំនួន១៧ ដើម្បីជាមូលដ្ឋានបន្ថែម ក្នុងការជំរុញល្បឿនការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និង ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងសកលលោក ក្នុងវិស័យទេសចរណ៍។
អនុសាសន៍សំខាន់ៗទាំង១៧នេះ រួមមាន៖
ទី១. ត្រូវរួមគ្នាបន្តរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសុខសន្តិភាព ដែលកម្ពុជាយើងរកបានដោយលំបាក និងបានដាក់ចេញនូវពាក្យស្លោក «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព»,
ទី២. ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្ត រៀបចំផែនការសកម្មភាពពិពិធកម្មកម្មវិធី, ពិសេសតារាងព្រឹត្តិការណ៍ (Event Calendar) ឱ្យមានភាពសម្បូរបែប
ទី៣. ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាគោលដៅទេសចរណ៍ភាពយន្ត (Film Destination)
ទី៤. សូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកចិត្តឱ្យទូលាយ ក្នុងការទទួល មតិរិះគន់ ក្នុងន័យស្ថាបនា ដើម្បីកែសម្រួល និង កែលម្អបរិយាកាស ក្នុងការទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ
ទី៥. អភិបាល នៃគណៈអភិបាលរាជធានីខេត្ត បន្តជំរុញការរៀបចំគោលដៅទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានលក្ខណៈស្តង់ដា និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងបង្កើតកញ្ចប់ទស្សនកិច្ចខេត្ត ដែលមានសក្តានុពលជាប់គ្នា (Cluster Destination)
ទី៦. លើកទឹកចិត្តក្នុងការជំរុញសកម្មភាព ការទូតទេសចរណ៍ ដែលក្រសួងទេសចរណ៍ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវសហការគ្នាជិតស្និទ្ធពាក់ព័ន្ធការងារនេះ
ទី៧. សូមរៀបចំឱ្យមានយន្តការស្ថាប័នអន្តរការី ដើម្បីជំរុញការផលិតផលិតផលអនុស្សាវរីយ៍ខ្មែរ និងការតភ្ជាប់ខ្សែច្រវាក់នៃការផលិតនោះ ជាមួយទីផ្សារ និងភ្ញៀវទេសចរ
ទី៨. សូមរួមគ្នាផ្សព្វផ្សាយពីព័ត៌មានល្អៗរបស់កម្ពុជា អំពីសក្តានុពលទេសចរណ៍របស់កម្ពុជា
ទី៩. សូមគាំទ្រ និងលើកទឹកចិត្តក្រសួងទេសចរណ៍ ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ ២០២៦-២០៣៥ និងត្រូវបញ្ចប់នៅដំណាច់ឆ្នាំ ២០២៥ នេះ
ទី១០. សូមវិស័យឯកជនក្នុងវិស័យទេសចរណ៍ បន្តចូលរួមឱ្យកាន់តែសកម្មជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យទេសចរណ៍
ទី១១. សូមឱ្យមានការគិតគូរជាកញ្ចប់សម្រាប់ការត្រៀមដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងដំណាក់កាលទី ១ នាអំឡុងខែកក្កដា ឆ្នាំ២០២៥ ដើម្បីកុំឱ្យមានបញ្ហាណាមួយកើតឡើង
ទី១២. សូមក្រសួងទេសចរណ៍សិក្សាលទ្ធភាព ក្នុងការរៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា (Visit Cambodia Year)
ទី១៣. ក្រសួងទេសចរណ៍ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សិក្សាផែនការធ្វើពិពិធកម្មអភិវឌ្ឍផលិតផលទេសចរណ៍នៅខេត្តសៀមរាប និងតំបន់ជុំវិញ ឱ្យកាន់តែសម្បូរបែប ដើម្បីបង្កើនភាពទាក់ទាញ និង ពន្យាការស្នាក់នៅរបស់ទេសចរកាន់តែយូរ
ទី១៤. សូមក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ផ្សារភ្ជាប់គ្នាឱ្យជិតស្និទ្ធ ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍
ទី១៥. សូមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្របសម្រួលជាមួយនឹងក្រុមហ៊ុនទូរស័ព្ទនានាក្នុងប្រទេស ដើម្បីបង្ហោះសារអំពីទេសចរណ៍ ចូលក្នុងប្រអប់សារអ្នកប្រើប្រាស់ ដូចដែលបានកំពុងអនុវត្តពាក់ព័ន្ធបញ្ហាសុខាភិបាល គ្រឿងញៀន គ្រឿងស្រវឹង ។ល។
ទី១៦. លើកទឹកចិត្តឱ្យមានការរៀបចំកញ្ចប់ទស្សនកិច្ច ក្នុងតម្លៃសមរម្យ សម្រាប់សិស្ស-និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករ-កម្មការនី និងបុគ្គលិកក្រៅប្រព័ន្ធ
និងទី១៧. ក្រសួងទេសចរណ៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់បុគ្គលិក ដែលបម្រើការក្នុងវិស័យទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង