ស្ត្រីមេម៉ាយម្នាក់ រៀបរាប់ពីសកម្មភាពជនប្រដាប់អាវុធមួយក្រុម ក្នុងឯកសណ្ឋានស៊ីវិល បានសម្រុកចូលក្នុងលំនៅឋាន ដ៏ទុរគតរបស់គាត់ ទាំងថ្ងៃ រួចរើ កកាយ «ប្លន់» យកលុយគាត់អស់ចំនួន ៤០ម៉ឺនរៀល ជាលុយដែលគាត់ទើបខ្ចីពីគេបាន ដើម្បីត្រៀមទុកសម្រាប់បង់ធនាគារ
ខេត្តបាត់ដំបង ៖ គួរឲ្យខ្លោចផ្សាក្នុងចិត្តអាណិត ស្ត្រីមេម៉ាយម្នាក់ ជាទីបំផុត នៅពេលស្ដាប់ការរៀបរាប់របស់គាត់ពីសកម្មភាពជនប្រដាប់អាវុធមួយក្រុម ក្នុងឯកសណ្ឋានស៊ីវិល បានសម្រុកចូលក្នុងលំនៅឋាន ដ៏ទុរគតរបស់គាត់ ទាំងថ្ងៃ រួចរើ កកាយ «ប្លន់» យកលុយគាត់អស់ចំនួន ៤០ម៉ឺនរៀល ជាលុយដែលគាត់ទើបខ្ចីពីគេបាន ដើម្បីត្រៀមទុកសម្រាប់បង់ធនាគារ ។
ក្រោយពីបែកធ្លាយ នូវព័ត៏មាននេះ កោះសន្តិភាពបានចុះទៅជួបសម្ភាសន៏ ផ្ទាល់ជាមួយស្ត្រីរងគ្រោះ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នំា២០២៥នេះ នៅផ្ទះរបស់គាត់ ដែលស្ថិតក្នុងភូមិព្រែកត្រប់ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ។
ស្ត្រីរងគ្រោះឈ្មោះ និល នឿន អាយុ៥៦ឆ្នាំ ជាស្ត្រីមេម៉ាយទីទាល់ក្រីក្រ មានកូនចំនួន០៦នាក់ ក្នុងនោះ មាន០៥នាក់ ជាបន្ទុកដ៏ធ្ងន់ធ្ងរ ដែលគាត់ត្រូវទទូលខុសត្រូវ ខណៈមានម្នាក់មានគ្រួសារហើយ ។ អង្គុយលើអង្រឹង ក្រោមម្លប់ដើមក្រខុបខាងមុខផ្ទះ ស្ត្រីមេម៉ាយដ៏កំសត់រូបនេះ បានរៀបរាប់យ៉ាងល្អិតល្អន់ពីសកម្មភាព នៃមនុស្សមួយក្រុមប្រដាប់ដោយកាំភ្លើងខ្លី ស្ទើរគ្រប់ដៃផង បានសម្រុកចូលផ្ទះគាត់ ហើយដេញចាប់កូនប្រុសគាត់ម្នាក់ ពេញចម្ការពោតខាងក្រោយផ្ទះ ។
ជុំវិញសកម្មភាពក្រុមជនស៊ីវិល កាន់កាំភ្លើងខ្លីពេញដៃ សម្រុកចូលផ្ទះស្ត្រីមេម៉ាយទាំងថ្ងៃនេះ បើតាមអ្នកស្រី និល នឿន ដែលជាម្ចាស់ផ្ទះ បានប្រាប់ថា ហេតុការណ៏នេះ បានកើតឡើងតាំងពីថ្ងៃទី១១ កុម្ភៈ ចន្លោះពីម៉ោង៣ទៅម៉ោង៥ល្ងាច នៅផ្ទះរបស់គាត់ ដែលស្ថិតក្នុងភូមិឃុំខាងលើ។
បង្ហាញទឹកមុខស្លេកស្លាំង ជាមួយនឹងកាយវិការឆ្វេងស្ដាំផង អ្នកស្រី និល នឿន បាននិយាយដូច្នេះថា «ខ្ញុំមិនស្ថិតក្នុងរឿងនេះទេ ពេលកើតហេតុ ព្រោះខ្ញុំ រវល់ស៊ីឈ្នួលធ្វើការឲ្យគេនៅក្នុងភូមិ។ ក្រោយពេលកើតហេតុបន្តិច អ្នកនៅក្បែរផ្ទះខ្ញុំម្នាក់ ដែលឃើញហេតុការណ៏នេះ បានរត់ទៅប្រាប់ខ្ញុំ ទើបខ្ញុំដឹងរឿងនេះ។ ពេលខ្ញុំមកដល់ផ្ទះ កូនប្រុសពៅរបស់ខ្ញុំ បានរៀបរាប់ប្រាប់ខ្ញុំពីរឿងនេះ» ។
គាត់បាននិយាយបន្តទៀត ដោយស្រង់សម្ដីកូនប្រុសពៅគាត់ ដែលស្ថិតនៅក្នុងហេតុការណ៍នោះ ដោយរៀបរាប់ថា «កូនប្រុសពៅខ្ញុំ អាយុ១៦ឆ្នាំ កំពុងអង្គុយនៅលើបង់ថ្មខាងមុខផ្ទះ បានឃើញផ្ទាល់ភ្នែកពីសកម្មភាពក្រុមប្រដាប់អាវុធនេះ តែត្រូវគេស្រែកគំរាមមិនឲ្យកម្រើក ឬដើរចេញពីកន្លែងអង្គុយឡើយ។ វានិយាយប្រាប់ខ្ញុំថា មនុស្សមួយក្រុម ដែលមានគ្នាប្រមាណពី៥ ទៅ៦នាក់ បើករថយន្តមកឈប់ខាងមុខផ្ទះ រួចចុះទៅដេញចាប់កូនប្រុសខ្ញុំម្នាក់ទៀត តែចាប់មិនបានទេ ព្រោះវារត់ចូលចម្ការពោតបាត់។ ប៉ុន្តែវា បានបញ្ជាក់ថា មានអ្នកខ្លះ ដេញចាប់បងវា រីឯ ប៉ុន្មានអ្នកទៀត ចូលឆែកឆេរក្នុងផ្ទះ ហើយគំរាមមិនឲ្យវាចូលតាមទេ» ។
ស្ត្រីរងគ្រោះបានបញ្ជាក់ថា ក្រោយពីកូនប្រុសគាត់ និយាយដល់រឿងគេចូលឆែកឆេរក្នងផ្ទះ ធ្វើឲ្យគាត់ភ្ញាក់ខ្លួនព្រឺត ប្រហោងពោះធ្លុង ហើយក៏ស្ទុះចូលទៅរកមើលលុយរបស់គាត់ ចំនួន៤០ម៉ឺនរៀល ដែលគាត់លាក់ទុកក្នុងស្រោមខ្នើយ សម្រាប់បង់ធនាគារ។ គ្រាន់តែចូលដល់ក្នុងផ្ទះភ្លាម គាត់ ស្ទើរធ្លាក់ថ្លើមក្ដុក នៅពេលឃើញ ខ្នើយ ភួយ មុង នៅលើគ្រែមានសភាពរប៉ាត់រប៉ាយ លុះគាត់រកមើលលុយ ក្នុងស្រោមខ្នើយ បាត់អស់រលីង សល់តែឯកសារបំណុលធនាគារ។ គាត់ស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន ព្រោះបាត់លុយចំនួន៤០ម៉ឺនរៀល ដែលទុកសម្រាប់បង់ធនាគារ ។
លើកដៃជូតទឹកភ្នែក រួចពោលទាំងអ៊ូលដើមក ដូច្នេះថា «ខ្ញុំជំពាក់ប្រាក់ធនាគារ ចំនួន១៨លានរៀល តាំងពីប្ដីខ្ញុំ មិនទាន់ស្លា.ប់ កាលពីអំឡុង ខែកុម្ភៈ ឆ្នាំ២០២៤។ ហើយប្រាក់ចំនួន ៤០ម៉ឺនរៀល ដែលត្រូវក្រុមប្រដាប់អាវុធ ចូលប្លន់យកអស់នោះ គឺខ្ញុំទើបខ្ចីពីអង្គការ ចំនួន០២ទៀត ដើម្បីទុកសម្រាប់បង់ធនាគារ ដែលជាម្ចាស់បំណុលធំ» ។
ស្ត្រីរងគ្រោះរូបនេះ បានបញ្ជាក់ប្រាប់ថា ប្រាក់ចំនួន៤០ម៉ឺនរៀលនោះ គាត់ទើបខ្ចីពីអង្គការផ្សេងទៀត នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ហើយត្រៀមយកទៅបង់ធនាគារ ដែលជាម្ចាស់បំណុលធំ នៅព្រឹកថ្ងៃទី ១២ កុម្ភៈ ប៉ុន្តែមិនទាន់ដល់ពេលយកទៅបង់ផង ស្រាប់តែនៅរសៀលថ្ងៃ ដែលខ្ចីប្រាក់គេនោះ ត្រូវក្រុមជនអន្ធពាលសម្រុកចូលផ្ទះគាត់ «ប្លន់» យកអស់។ មិនតែប៉ុណ្ណោះ សូម្បីទូរសព្ទកញ្ចាស់មួយគ្រឿង ដែលទុកជាមួយប្រាក់ ក៏វាយកទៅដែរ ។
ក្រោយមក គាត់បានអោបខ្នើយ ដែលលាក់ទុកលុយនោះ រត់ទាំងទឹកភ្នែក ទៅជម្រាបលោកមេភូមិ ដល់ផ្ទះ ឲ្យជួយអន្តរាគមន៏ តែលោកមេភូមិបដិសេធ មិនទទូលដឹងឮទេ ថែមទាំងព្រមានគាត់ មិនឲ្យប្ដឹងទៀតផង។ គាត់ក៏ដើរអោបខ្នើយត្រឡប់មកផ្ទះវិញ ទាំងក្ដីអស់សង្ឃឹម លាយឡំជាមួយនឹងទឹកភ្នែករលីងរលោង ។
ស្ថិតក្នុងក្ដីអស់សង្ឃឹមធ្ងន់ធ្ងរបែបនេះ គាត់បានពោលដូច្នេះថា «តើខ្ញុំបានប្រាក់ពីណា យកទៅបង់ធនាគារ ? រហូតមកដល់ពេលនេះ ប្រាក់៤០ម៉ឺនរៀល ដែលទើបខ្ចីពីអង្គការ ក៏គ្មានសងគេវិញដែរ ? រីឯប្រាក់សម្រាប់បង់ធនាគារ ក៏អត់មានបង់ឲ្យគេទៀត ? ឥឡូវហូសថ្ងៃបង់ធនាគារប្រហែលកន្លះខែហើយ នៅតែគ្មានប្រាក់០១សេន យកទៅបង់ឲ្យគេដដែល។ ខ្ញុំពិបាកចិត្តណាស់» ។
ជុំវិញសកម្មភាពក្រុមខ្មាន់កាំភ្លើងសម្រុកចូល «ប្លន់» យកលុយ៤០ម៉ឺនរៀល ក្នុងផ្ទះស្ត្រីមេម៉ាយក្រីក្រខាងលើនេះ មានសាក្សីជាច្រើននៅក្នុងភូមិ សុទ្ធតែអះអាងថា «បានឃើញសកម្មភាពរបស់ក្រុមជនស៊ីវិល ប្រដាប់ដោយកាំភ្លើងខ្លីនោះ» តែគេមិនស្គាល់ ។
អ្នកភូមិម្នាក់ ដែលបានឃើញផ្ទាល់ភ្នែក ថែមទាំងបានរត់ទៅប្រាប់ស្ត្រីរងគ្រោះ ជាម្ចាស់ផ្ទះផង គឺឈ្មោះ គង់ ទូច ស្រីវ័យ៧០ឆ្នាំ បាននិយាយថា គាត់ហាក់មិនស្គាល់មនុស្សមួយក្រុមនោះទេ។ គាត់ឃើញក្រុមនោះ មានមនុស្សមួយចំនួនបានដេញចាប់ក្មេងប្រុសម្នាក់ ផ្អើលពេញចម្ការពោតខាងក្រោយផ្ទះ ហើយឮគេស្រែកថា «ចាប់ចោរ» តែគាត់មិនដឹងគេតាមចាប់នរណាទេ។ ប៉ុន្តែនៅពេលគាត់ដើរមកមើល និងសួរនាំគេ ទើបដឹងថា គេដេញចាប់ឈ្មោះ នុន ជាកូនប្រុសរបស់ស្ត្រីរងគ្រោះខាងលើ ហើយគាត់បានរត់ទៅហៅស្ត្រីរងគ្រោះឲ្យមកផ្ទះមើលកូន ។
ដោយឡែកសាក្សីសំខាន់ និងជាកូនប្រុសពៅម្ចាស់ផ្ទះផង ឈ្មោះ ធី រ៉ាក់ អាយុ១៦ឆ្នាំ បាននិយាយថា មុនពេលកើតហេតុ ខ្លួនកំពុងអង្គុយនៅលើបង់ថ្មខាងមុខផ្ទះ។ ពេលនោះបងប្រុសខ្លួនឈ្មោះ ធី នុន ក៏ជិះម៉ូតូមកដល់ឈប់ខាងមុខផ្ទះ ស្រាប់តែភ្លាមៗ ក៏មានរថយន្តមួយគ្រឿង ម៉ាកកាមេរី ពណ៏ទឹកប្រាក់ បានបើកពីក្រោយមកឈប់ខាងមុខផ្ទះខ្លួនភ្លាមៗដែរ ។
សាក្សីរូបនេះបានប្រាប់ថា ភ្លាមៗនោះ ខ្លួនឃើញមនុស្សមួយក្រុម មានគ្នាពី៥ទៅ៦នាក់ ចុះស្រូតដេញចាប់បងប្រុសខ្លួន ផ្អើលរត់ចូលចម្ការពោតក្រោយផ្ទះ តែចាប់មិនបានទេ ហើយខ្លួនក៏មិនដឹងថា មានរឿងអ្វីកើតឡើងដែរ តែពួកគេសុទ្ធតែមានកាន់កាំភ្លើងខ្លីក្នុងដៃ។ ប៉ុន្តែពេលនោះខ្លួនឃើញមួយក្រុមដេញតាមចាប់បងប្រុសខ្លួន រីឯមួយក្រុមទៀត បានស្ទុះចូលទៅក្នុងផ្ទះខ្លួន។ អ្នកចូលក្នុងផ្ទះនោះ គំរាមខ្លួនមិនឲ្យដើរទៅណា ឬ ដើរតាមពួកគេឡើយ ពេលចូលក្នុងផ្ទះ គឺគំរាមឲ្យខ្លួនអង្គុយតែលើបង់ថ្មខាងមុខផ្ទះ រហូតគេឆែកឆេរក្នុងផ្ទះរួច ទើបពួកគេនាំគ្នាឡើងជិះរថយន្តចេញឆ្ពោះទៅទិសខាងលិចបាត់តែម្ដង ។
កូនប្រុសជនរងគ្រោះរូបនេះ បានបញ្ជាក់ថា ក្រោយពេលមនុស្សមួយក្រុមនោះ ចេញផុត ខ្លួនក៏មិនទាន់បានចូលក្នុងផ្ទះដែរ ព្រោះកំពុងមានអ្នកភូមិមកចោមរោមសួរនាំ ហើយម្ដាយរបស់ខ្លួន ក៏មកដល់ភ្លាមៗដែរ។ គាត់បានដើរចូលក្នុងផ្ទះ ក្រោយខ្លួននិយាយប្រាប់ពីរឿងរ៉ាវ ដែលបានកើតឡើង។ បន្តិចក្រោយមក ក៏ឮគាត់ស្រែកប្រាប់ថា «បាត់លុយអស់ហើយ» ។
សារព័ត៌មានបានសួរទៅកូនប្រុសពៅម្ចាស់ផ្ទះថា តើប្អូនជាអ្នកយកលុយ៤០ម៉ឺនរៀលនោះទេដឹង នៅពេលក្រុមប្រដាប់អាវុធចេញផុត ? ធី រ៉ាក់ គ្រវីក្បាលហើយបដិសេធថា «ខ្ញុំមិនបានដឹង ហើយក៏មិនបានយកដែរ សូម្បីក្នុងផ្ទះ ក៏ខ្ញុំមិនបានចូលផង ក្រោយកើតហេតុ» ។
សារព័ត៌មានសួរថា តើប្អូនមានស្គាល់ភិនភាគមនុស្សមួយក្រុមនោះទេ ? ធី រ៉ាក់ បដិសេធទៀតថា «ខ្ញុំមិនធ្លាប់ស្គាល់ទេ ហើយក៏ដឹងមូលហេតុ ដែលគេតាមចាប់បងប្រុសខ្ញុំដែរ» ។
តាមការលើកឡើងរបស់អ្នកភូមិខ្លះទៀត បានធ្វើសន្និដ្ឋានបែបស្មានៗថា ជនស៊ីវិលមួយក្រុមប្រដាប់ដោយកាំភ្លើងស្ទើរគ្រប់ដៃរនោះ គេសង្ស័យជាកម្លាំងសមត្ថកិច្ច តាមចាប់ឈ្មោះ ធី នុន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។ ព្រោះឈ្មោះ នុន នេះធ្លាប់មានប្រវត្តិពាក់ព័ន្ធនឹងគ្រឿងញៀន។ ប៉ុន្តែអ្វីដែលជាចម្ងល់ ៖ បើតាមចាប់បទល្មើសគ្រឿងញៀន ហេតុអ្វីបានជាចូលឆែកផ្ទះគេ ហើយលួចយកលុយ និងទូរស័ព្ទគេទៀត ខណៈដែលម្ចាស់ផ្ទះមិននៅ ? មិនមែនមានតែមួយករណីនេះទេ ដែលក្រុមខ្មាន់កាំភ្លើងមួយក្រុមនេះ បានធ្វើសកម្មភាពដេញចាប់មនុស្ស ដែលអ្នកភូមិមិនដឹងមូលហេតុ ។
សាក្សីស្ទើរពេញភូមិ រួមទាំងជនរងគ្រោះ ដែលបានជួបផ្ទាល់ម្នាក់ទៀតផង បានចេញមុខទម្លាយរឿងនេះ ប្រាប់សារព័ត៌មាននៅថ្ងៃទី២៨ កុម្ភៈ នៅពេលជួបសម្ភាសន៏ជាមួយស្ត្រីម៉េម៉ាយរងគ្រោះខាងលើ ។
ស្ត្រីម្នាក់ទៀតឈ្មោះ រិន ភាព នៅមិនឆ្ងាយប៉ុន្មានពីផ្ទះ ស្ត្រីមេម៉ាយខាងលើ បានប្រាប់ថា កាលពីវេលាម៉ោងប្រហែល១០ព្រឹកថ្ងៃទី២៥ កុម្ភៈ នេះដែរ មានជនស៊ីវិលមួយក្រុម ដែលមានភិនភាពដូចក្រុមខាងលើនេះ បានដេញចាប់បុរសម្នាក់ ពេលជិះម៉ូតូចូលម្ដុំផ្ទះឪពុកក្មេកខ្លួន តែចាប់មិនបាន ព្រោះបុរសនោះរត់រួច ហើយក៏គេមិនដឹងមានរឿងអ្វីដែរ ។
គាត់និយាយទៀតថា ពេលចាប់គេមិនបាន ក្រុមជនស៊ីវិលនោះបានសួរនាំ និងឆែកឆេរផ្ទះឪពុកក្មេកគាត់ដូចគ្នា។ មិនតែប៉ុណ្ណោះ ក្រុមនោះឈានទៅសួរនាំគាត់ និងប្ដីគាត់ដល់ផ្ទះគាត់ទៀត។ គាត់ប្រាប់ថា ពេលនោះ មានម្នាក់ ស្រែកសំឡុតដេញគាត់ឲ្យឡើងទៅលើផ្ទះ ហើយជននោះ ក៏ឡើងតាមក្រោយ។ ពេលដល់លើផ្ទះ ស្រាប់តែជនម្នាក់នោះ ចាប់ទាញកាបូបគាត់មកឆែកឆេរ ស្របពេលប្ដីគាត់ឃើញសកម្មភាពទុច្ចរិតបែបនេះ ក៏ស្រែកហៅអ្នកភូមិឲ្យជួយ។ ក្រោយឃើញប្ដីគាត់ស្រែកហៅអ្នកភូមិ ក្រុមជនស៊ីវិលប្រដាប់ដោយកាំភ្លើងនោះ ក៏នាំគ្នារត់ចូលឡានបើកចេញទៅបាត់ ។
យើងងាកមកនិយាយពីស្ថានភាពស្ត្រីមេម៉ាយដ៏កំសត់ ឈ្មោះ និល នឿន ជាថ្មីម្ដងទៀត បើពិនិត្យលើស្ថានភាព និងជីវភាពរស់នៅរបស់គាត់ ហាក់កំពុងត្រដាប់ត្រដូស ជាទីបំផុត។ ជាមួយនឹងជម្រកផ្ទះទៀម លើទំហំផ្ទៃដីតូចមួយ គ្មានទេទ្រព្យសម្បត្តិជាដុំកំភួន។ ដោយយោងលើអំណាស់អំណាងពីអ្នកភូមិផង ស្ត្រីមេម៉ាយ ដែលមានកូនចំនួន០៥នាក់ ជាបន្ទករូបនេះ ហាក់រស់នៅក្នុងស្ថានភាពវេទនាភ្នែកណាស់។ ក្រៅពីមានដីមួយបាតផ្ទះ គាត់នៅមានដីស្រែ ឬដីចម្ការ ប្រហែល ០២រ៉ៃទៀត តែបង្កបង្កើនផលខាតស្ទើររាល់ឆ្នាំ ។
អ្នកភូមិ បានលើកឡើងថា គាត់គ្មានមុខរបរអ្វីក្រៅពីដាំដំណាំមិនបានផលនោះ និងដើរស៊ីឈ្នួលគេ បានកម្រៃតិចតួចនៅក្នុងភូមិ។ គាត់ជំពាក់បំណុលគេ ច្រើនណាស់រហូតមកដល់សព្វថ្ងៃនេះ ។
បើនិយាយពីប្រាក់បំណុលនេះ អ្នកស្រី និល នឿន បានប្រាប់ថា ប្រាក់បំណុលនេះ បន្សល់ទុកច្រើនឆ្នាំកន្លងមកហើយ តាំងពីប្ដីគាត់នៅរស់ ដែលកាលនោះ ខ្ចីប្រាក់ធនាគារយកមកធ្វើទុនដាំដំណាំ ។
គាត់បានរំលឹកថា កាលនោះប្ដីគាត់បានខ្ចីប្រាក់ធនាគារ ចំនួន១៨លានរៀល ហើយក្រោយមកបានសង ត្រឡប់វិញ ទើបបានប្រហែល០២លានរៀលប៉ុណ្ណោះ លុះនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៤ ប្ដីគាត់ក៏ទទូលមរណភាព ហើយបានបន្សល់ទុកប្រាក់បំណុលធនាគារនេះ ចំនួន១៦លានរៀល ឲ្យគាត់ទទួលខុសត្រូវ រហូតមកដល់សព្វថ្ងៃនេះ ដោយ០១ខែ គាត់ត្រូវរកប្រាក់បង់ធនាគារ ចំនួន៤០ម៉ឺនរៀល ជាប្រចាំ។ នេះមិនទាន់និយាយពីបំណុលអង្គការតូចតាចដទៃទៀតទេ ។
ស្ត្រីរងគ្រោះ បានបញ្ជាក់ពីប្រាក់បំណុលនេះដែរថា ដោយគ្មានប្រាក់ចំណូល ដែលអាចបង់ធនាគារបាន ជារៀងរាល់ខែ គាត់បានខ្ចីប្រាក់ពីអង្គការនានា ដើម្បីបង្គ្រប់បង់ធនាគារ ដែលជាម្ចាស់បំណុលធំ។ គាត់ដើរស៊ីឈ្នួលគេ បានប្រាក់តិចតួច ឆ្លៀតយកទៅបង់ឲ្យអង្គការនានាផង ជាបំណុលបង់ប្រចាំថ្ងៃ។ ប៉ុន្តែពេលនេះ គាត់អត់មានប្រាក់បង់ធនាគារ ឬអង្គការទៀតទេ។ ព្រោះក្រុមចោរបាន «ប្លន់» យកប្រាក់ ដែលគាត់ទុកសម្រាប់បង់ធនាគារនោះអស់ហើយ ។
គាត់បាននិយាយដូច្នេះថា «ឥឡូវ នៅក្នុងភូមិ ខ្ញុំអត់មានការងារស៊ីឈ្នួលគេអីទៀតទេ។ ខ្ញុំបានសម្រេចថា ចាប់ពីថ្ងៃទី០៧ ខែមីនា ក្រោយនេះ ខ្ញុំនឹងដើរស៊ីឈ្នួលលាងចាន ឲ្យគេតាមរោងការ ដើម្បីបានប្រាក់បន្តិចបន្តួច បង់ធនាគារ និងបង់អង្គការនានា ព្រោះខ្ញុំ អស់លទ្ធភាពនឹងរកមុខរបរធ្វើនៅក្នុងភូមិហើយ»។ ប៉ុន្តែអ្វីដែលស្ត្រីរងគ្រោះរូបនេះ នៅតែមិនអស់ចិត្តនោះ គឺគាត់ចង់សួរទៅកាន់មនុស្សមួយក្រុម ប្រដាប់ដោយកាំភ្លើងខ្លីផង ដែលបានចូល«ប្លន់»យកប្រាក់ចំនួន៤០ម៉ឺនរៀល ដែលគាត់ទុកបង់ធនាគារនោះថា បើក្រុមនេះ ជាសមត្ថកិច្ច តាមចាប់កូនប្រុសគាត់ ពាក់ព័ន្ធនឹងគ្រឿងញៀន តើហេតុអ្វីមិនតាមចាប់ឲ្យបានទៅ បើរកឃើញមានកំហុស ? ចុះហេតុអ្វីបានជាចូលលុកលុយ ឆែកឆេរក្នុងផ្ទះគាត់ តាមទំនើងចិត្ត ហើយលួចយកលុយ និងទូរសព្ទគាត់ នៅពេលគាត់មិនបាននៅផ្ទះ ? តើហេតុអ្វី ក៏ធ្វើបាបគាត់បែបនេះ ?
ពាក់ព័ន្ធនឹងករណីនេះ អធិការស្រុកឯកភ្នំ លោក ឡុង យោធាវរៈ ហាក់មិនបំភ្លឺក្បោះក្បាយទេ ជុំវិញរឿងរ៉ាវ ដែលបានកើតឡើង។ ដោយលោកអធិការរូបនេះ គ្រាន់តែបានប្រាប់ថា លោកកំពុងធ្វើការស្រាវជ្រាវលើករណីនេះហើយ ។
ដោយឡែកលោក ឈឿង គឹមសុង ស្នងការរង ទទួលផែនព្រហ្មទណ្ឌវិញ បានបដិសេធថា មិនបានដឹងរឿងនេះដែរ។ លោកស្នងការរង បានបញ្ជាក់ថា លោកមិនបានដឹងរឿងនេះ សូម្បីតែមួយម៉ាត់ ព្រោះគេមិនរាយការណ៏។ ប៉ុន្តែប្រសិនបើមានករណីបែបនេះ កើតឡើងមែន លោកនឹងស្នើសុំគោលការណ៏លោកស្នងកាខេត្ត ដើម្បីចុះស៊ើបអង្កេត និងធ្វើការស្រាវជ្រាវស្វែងរកការពិតហើយ ៕