ថៅកែរូបនេះ ពោលពាក្យដោយខ្លីប៉ុន្មានម៉ាត់ នៅលើហ្វេសប៊ុកផេករបស់ខ្លួនថា «ខ្ញុំហត់ហើយចង់សម្រាក តើកូនចៅខ្ញុំច្រើននាក់ពួកគាត់បានអីហូប» បានជួបគ្រោះអគ្គិភ័យបែបនេះ ចំនួន៣លើកទាំងលើកនេះហើយ

ភ្នំពេញ ៖ រោងចក្រផលិតពូកសុខភាពក្រុមហ៊ុន JASMINE ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងភូមិតិក្ខបញ្ញោ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវអគ្គិឆាបឆេះសន្ធោសន្ធៅ អស់ទាំងស្រុង កាលពី ល្ងាចថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។
ក្រោយពីមានគ្រោះអកុសលនេះ ចែ សុខហេង ដែលជាម្ចាស់រោងចក្រ និងជាអ្នកលក់ចែកចាយពូកម៉ាកខាងលើ បានពោលពាក្យដោយខ្លីនៅលើផេកហ្វេសប៊ុករបស់ខ្លួនថា ៖ «ខ្ញុំហត់ហើយ ចង់សម្រាក តើកូនចៅខ្ញុំច្រើននាក់ ពួកគាត់បានអីហូប» សូមជម្រាបជូនផងដែរថា ចែ សុខហេងថៅកែពូក JASMINE នេះ បានជួបគ្រោះអគ្គិភ័យបែបនេះ ចំនួន៣លើកទាំងលើកនេះហើយ ។

ដោយឡែកការឆាបឆេះនេះ ពុំទាន់ត្រូវបានដឹងថា បណ្ដាលមកពីមូលហេតុអ្វីឲ្យពិតប្រាកដនៅនៅឡើយទេ ខណៈរហូតមកទល់នឹងពេលនេះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវនៅឡើយ។ ប៉ុន្តែបើតាមកម្មករ ដែលបម្រើការងារនៅក្នុងរោងចក្រនោះ បានអះអាងថា បណ្ដាលមកពីការផ្ទុះបំពង់ពន្លត់អគ្គិភ័យ ស្រាប់តែបង្កជាអណ្ដាតភ្លើងខ្ទាតធ្លាក់អេប៉ុង សម្រាប់ផលិតពូក ហើយក៏មានការឆាបឆេះរាលពេញក្នុងអគាររោងចក្រទាំងយ៉ាងឆាប់រហ័សតែម្ដង ។
កម្មករបាននិយាយបន្តទៀតថា នៅថ្ងៃកើតហេតុនោះ ពួកគាត់ត្រូវធ្វើការរហូតដល់វេលាម៉ោង៦និង៣០នាទីល្ងាចទើបចេញ ហើយខណៈពេលកំពុងតែធ្វើការសុខៗ ហើយនៅសល់រយៈពេលជាងកន្លះម៉ោងទៀតប៉ុណ្ណោះ ត្រូវដល់ពេលឈប់សម្រាកចេញទៅផ្ទះ។ ស្រាប់តែផ្ទុះបំពង់ពន្លត់អគ្គិភ័យនៅក្នុងរោងចក្រលាន់ដូចគ្រាបបែក បង្កជាអណ្ដាតភ្លើងធ្លាក់លើអេប៉ុងសម្រាប់ផលិតពូក ហើយក៏មានការឆាបឆេះសន្ធោសន្ធៅបែបនេះតែម្ដង ហើយភ្លាមៗនោះ ពួកគាត់មិនអាចជួយពន្លត់ទាន់ទេ ព្រោះវាឆេះលឿនពេក ដូច្នេះពួកគាត់បានត្រឹមនាំគ្នារត់ចេញក្រៅទាំងព្រលឹងចុងសក់គ្រប់ៗគ្នាប៉ុណ្ណោះ ព្រោះបើមុនប្រញាប់រត់ចេញទេ ខ្លាចជាប់គាំងចេញអត់រួចមានគ្រោះថ្នាក់ដល់ខ្លួន ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅក្នុងរោងចក្រផលិតពូកខាងលើនោះ មានកម្មករ-កម្មការិនី បម្រើការងារប្រមាណជាង១០០នាក់ ហើយនៅពេលមានអគ្គិភ័យកើតឡើងនោះ ក្រុមកម្មករទាំងអស់កំពុងធ្វើការនៅក្នុងរោងចក្រនោះមិនទាន់ឈប់សម្រាកនៅឡើយ ។ ក្រោយពេលទទួលបានដំណឹងនោះភ្លាម អាជ្ញាធរ និងសមត្ថកិច្ចមានការព្រួយបារម្ភពីសុវត្ថិភាពរបស់កម្មករ ជាខ្លាំង ហើយបានចេញអន្តរាគមន៍ភ្លាមៗ ។ ប៉ុន្តែនៅពេលទៅដល់ ទីតាំងនោះ បានធូរចិត្តវិញ ដោយបានឃើញកម្មករ កម្មការិនីទាំងអស់ បាននាំគ្នារត់ចេញក្រៅរួចដោយសុវត្ថិភាព ពុំមានអ្នកជាប់គាំងនៅក្នុងរោងចក្រ បណ្ដាលឲ្យរងរបួស ឬ ស្លាប់នោះឡើយ ។
សមត្ថកិច្ចខាងលើ បានប្រាប់ឲ្យដឹងបន្តទៀតថា អគាររោងចក្រផលិតពូកខាងលើ ជាប្រភេទសំណង់ថ្ម ប្រក់ស័ង្កសីទំហំ ៤៥ម៉ែត្រ គុណ ៥៥ម៉ែត្រ ត្រូវបានភ្លើងឆេះខូចខាតទាំងស្រុង រួមទាំងម៉ូតូចំនួន០៥គ្រឿង ព្រមទាំងសម្ភារៈស្តុកនៅក្នុងនោះទាំងអស់ មិនតែប៉ុណ្ណោះភ្លើងបានឆេះរាលដល់ផ្ទះថ្ម០១ខ្នង នៅជិតនោះ បណ្ដាលឲ្យរងការខូចខាត១០%ផងដែរ ។
ចំណែកនៅក្នុងប្រតិបត្តិការពន្លត់ភ្លើងនោះ អាជ្ញាធរ និងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុងនោះរួមមាន ៖
រថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៤០រថយន្ត ស្មើនឹង ១៦០ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យក្រសួង មហាផ្ទៃចំនួន០៤គ្រឿង ប្រើប្រាស់អស់ចំនួន០១រថយន្ត ស្មើនឹង០៦ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យ កងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើប្រាស់អស់ចំនួន០៦រថយន្ត ស្មើនឹង៦០ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យ ក្រុមហ៊ុនស្រាបៀរកម្ពុជា ០១គ្រឿង ប្រើប្រាស់អស់ចំនួន០១ រថយន្តស្មើនឹង០៦ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យទីក្រុងជ្រោយចង្វារចំនួន០២គ្រឿង ប្រើប្រាស់អស់ចំនួន០២ រថយន្តស្មើនឹង១២ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យ បុរីសង្ឃឹមថ្មីចំនួន០២គ្រឿង ប្រើប្រាស់អស់ចំនួន០២រថយន្តស្មើនឹង១២ម៉ែត្រគូប ។ រថយន្តពន្លត់អគ្គិភ័យប្រចាំការនៅសាលាខណ្ឌពោធ៍សែនជ័យចំនួន ០១គ្រឿង ពុំបានប្រើប្រាស់ទឹក និងរថយន្តពន្លត់អគ្គិភ័យបុរីប៉េងហួតចំនួន០២គ្រឿង ពុំបានប្រើប្រាស់ទឹកទេ ហើយពន្លត់រលត់ទាំងនៅម៉ោង៨និង១០នាទីយប់ថ្ងៃខែឆ្នាំដដែលនោះ ។
មហាជនជាច្រើន បាននិយាយថា ចែ សុខ ហេង ថៅកែក្រុមហ៊ុនពូកសុខភាព JASMINE នេះបានរងគ្រោះព្រោះអគ្គិភ័យចំនួន៣លើក រួចមកហើយ ដោយលើកទី១ នៅក្នុងអំឡុងឆ្នាំ២០១៩ ឆេះរោងចក្រផលិតពូកនៅម្ដុំមុខមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ ទាំងស្រុង ។ លុះដល់ឆ្នាំ២០២៣ ឆេះភូមិគ្រឹះ ស្ថិតនៅក្នងភូមិកាកាប សង្កាត់កកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខូចខាតយ៉ាងដំណំ បង្កឲ្យខាតបង់ប្រាក់រាប់ម៉ឺនដុល្លារ ។ ដោយឡែកមកដល់ថ្ងៃទី២៧ ខែកុម្ភៈនេះ អគ្គិភ័យឆាបឆេះរោងចក្រផលិតពូក ជាលើកទី៣ បែបនេះទៀត ទើបថៅកែរូបនេះ ពោលពាក្យដោយខ្លីប៉ុន្មានម៉ាត់ នៅលើហ្វេសប៊ុកផេករបស់ខ្លួនថា «ខ្ញុំហត់ហើយចង់សម្រាក តើកូនចៅខ្ញុំច្រើននាក់ពួកគាត់បានអីហូប» ៕

អត្ថបទដែលជាប់ទាក់ទង