សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្ស ឆ្នាំ២០២៥
ភ្នំពេញ៖ នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្ស ឆាំ្ន២០២៥ និងផ្សព្វផ្សាយលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលការងារគណបក្សខេត្តបាត់ដំបង ឆ្នាំ២០២៤ និងលើកទិសដៅការងារគណបក្ស ឆ្នាំ២០២៥ ជូនអង្គពិធី។
នៅក្នុងសន្និបាតនោះដែរ ប្រធានគណៈកម្មាធិការគណបក្សក្រុង ស្រុក ឃុំ សង្កាត់ បានធ្វើបទអន្តរាគមន៍ដើម្បីជាធាតុចូល ស្តីអំពីបញ្ហាប្រឈមនានា និងអនុញ្ញាតសុំជាមតិយោបល់ពីប្រធានគណៈអធិបតី។
ឯកឧត្តម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញអានសេចក្តីជូនដំណឹង ស្តីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម កើត រិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង បានអអញ្ជើញអានរបាយការណ៍សង្ខេបរបស់គណៈកម្មាធិការកណ្ដាល។
អញ្ជើញមានប្រសាសន៍នាឱកាសដ៏ថ្លៃថ្លានោះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស សម្តេចបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្ស ក្រុមការងារគណបក្សចុះមូលដ្ឋាន អង្គការយុវជន អង្គការមហាជននានារបស់គណបក្ស និងសមាជិក សមាជិកាគណបក្សគ្រប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដែលបានរួមសហការ សាមគ្គីគ្នាយ៉ាងរឹងមាំជុំវិញការដឹកនាំរបស់គណបក្ស យកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ខិតខំអនុវត្តកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ សេចក្តីសម្រេច នានារបស់គណបក្សឱ្យសម្រេចបានលទ្ធផលការងារនានាជាច្រើន ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ។
សម្តេច មានប្រសាសន៍បន្តថា គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់បានបន្តយកចិត្តទុកដាក់ធ្វើសកម្មភាព ជាប់ជាប្រចាំ ដើម្បីពង្រឹងរចនាសម្ព័ន្ធចាត់តាំងគណបក្ស ការជំរុញចលនាពង្រីកសមាជិកថ្មីរបស់គណបក្ស ដើរទន្ទឹមនឹងការពង្រឹងការគ្រប់គ្រង ការអប់រំថែបំប៉ន សមាជិកបក្ស ការធ្វើសកម្មភាពចិញ្ចឹមចលនានយោបាយតាមមូលដ្ឋាន ការចុះផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងសង្គម ការពង្រឹងអង្គការមហាជននានារបស់គណបក្ស និងការពង្រឹងអង្គការចាត់តាំងយុវជនរបស់គណបក្ស ដើម្បីបំផុសចលនាមហាជន ប្រជាជន យុវជនគ្រប់មជ្ឈដ្ឋានក្នុងសង្គមឱ្យចូលរួមក្នុងការការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ចូលរួមគាំទ្រ និងការពារគណបក្ស និងរាជរដ្ឋាភិបាល ព្រមទាំងជំរុញសកម្មភាពកសាងកម្លាំងបន្តវេនសម្រាប់ប្រទេសជាតិនិងសម្រាប់គណបក្សប្រជាជនកម្ពុជា។
សម្តេចមានប្រសាសន៍បន្ថែមថា គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់នៃខេត្តបាត់ដំបង ត្រូវយកចិត្ត ទុកដាក់ពង្រឹងរចនាសម្ព័ន្ធចាត់តាំងគណបក្សឱ្យបានរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ ចាត់តាំង និងខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំ ដោយឈរលើមូលដ្ឋាន នៃការពង្រឹងរបៀបរបបដឹកនាំ និងការបំពេញការងារ ក្នុងជួរគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ឱ្យស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងគោលការណ៍ណែនាំរបស់គណបក្ស។
ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋាន សម្តេចបានជំរុញលើកទឹកចិត្តដល់ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំ និងមន្ត្រីគណបក្សដែលបំពេញការងារក្នុងរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ នៅតាមមន្ទីរអង្គភាពនានា និងក្នុងជួរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចក្នុងស្ថាប័ន អង្គភាពរបស់ខ្លួនប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវរួមគ្នាអនុវត្តឱ្យបានសម្រេចនូវកម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយ អាទិភាព និងវិធានការគន្លឹះនានា របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដើម្បីគណបក្សទទួលបានការគាំទ្រយ៉ាងរឹងមាំពីប្រជាពលរដ្ឋ៕