បណ្ឌិត កៅ ថាច៖ ចក្ខុវិស័យ និងគោលដៅរួមរបស់ សមាគម ADFIAP គឺការជំរុញលើការឈានឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព

ខេបថោន, អាហ្វ្រិកខាងត្បូង៖ កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនក្នុងនាមជាប្រធានសមាគម លើប្រធានបទ “ ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ (Greening Financial System: Unlocking Capital for Climate and Development)’’ ដោយមានវាគ្មិនតំណាងពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), អ្នកតំណាងពិសេសរបស់ចក្រភពអង់គ្លេសសម្រាប់អាកាសធាតុ, អនុប្រធានធនាគារអភិវឌ្ឍន៍អឺរ៉ុប, តំណាងអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមលើហិរញ្ញវត្ថុសម្រាប់កម្មវិធីបរិស្ថាន (UNEP-FI), ប្រធានគម្រោងសន្ទនីយភាពនិងចីរភាព (Liquidity and Sustainability Facility) នៃគណៈកម្មការសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិសម្រាប់ទ្វីបអាហ្វ្រិក, មូលនិធិវិនិយោគសម្រាប់កុមារ (CIFF), និងតំណាងក្រុម Global Solidarity Levies Task Force និងបេសកជនពិសេសពាក់ព័ន្ធនឹងអាកាសធាតុរបស់ប្រធានាធិបតីកេនយ៉ា។
ជាកិច្ចចាប់ផ្តើម កិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតក្នុងនាមសមាគម ADFIAP បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាគម ADFIAP ក្នុងការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
លើសពីនេះទៀត ឯកឧត្តមបណ្ឌិតក្នុងនាមសមាគម ADFIAP បានគូសបញ្ជាក់ពី ចក្ខុវិស័យ និងគោលដៅរួមរបស់ សមាគម ADFIAP គឺការជំរុញលើការឈានឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលមានការផ្តួចផ្តើមសំខាន់ៗ រួមមាន៖ ទី១. ការគាំទ្រហិរញ្ញប្បទាននិងការវិនិយោគបៃតង, ទី២. ការតស៊ូមតិលើការរៀបចំគោលនយោបាយ, ទី៣. ការកសាងសមត្ថភាពនិងការចែករំលែកចំណេះដឹង, ទី៤. ការគ្រប់គ្រងហានិភ័យអាកាសធាតុនិងសមាហរណកម្មបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) សម្រាប់លក្ខណៈវិនិច្ឆ័យដើម្បីឈានដល់ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ, ទី៥. ការផ្តល់ហិរញ្ញប្បទានបៃតងដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីបន្សាំទៅនឹងការអនុវត្តដែលមានលក្ខណៈនវានុវត្តន៍ និងប្រកបដោយចីរភាព, ទី៦. ភាពជាដៃគូ និងកិច្ចសហការរវាងសមាជិកជាមួយនឹងស្ថាប័នអន្តរជាតិនានា ដើម្បីកំណត់ពីបញ្ហាប្រឈម និងផ្តល់នូវអនុសាសន៍ឆ្លើយតប, ទី៧. ការអភិវឌ្ឍនិងការស្រាវជ្រាវវិភាគពីនិន្នាការនិងផលជះនៃហិរញ្ញប្បទានបៃតង, និង ទី៨. ការតាមដាននិងរៀបចំរបាយការណ៍ស្តីពីបរិស្ថាន សង្គម និងអភិបាលកិច្ច ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាពចំពោះកិច្ចខិតខំប្រែងប្រកបដោយចីរភាព។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិតក្នុងនាមសមាគម ADFIAP បានសង្កត់ធ្ងន់ថា កត្តាចម្បងដែលចាំបាច់ត្រូវគិតគូររួមគ្នា ដើម្បីពង្រឹងនូវកិច្ចសហការចំពោះការដោះស្រាយបញ្ហាគម្លាតនៃហិរញ្ញប្បទានសម្រាប់គាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរួមមាន៖ ទី១. ការកៀរគរធនធានហិរញ្ញវត្ថុបន្ថែម, ទី២. ការរៀបចំកំណែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុ, ទី៣. ការពង្រឹងការកៀរគរធនធានក្នុងស្រុក និង ទី៤. ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូ ៕

អត្ថបទដែលជាប់ទាក់ទង