ឯកឧត្តម ឆាយ ម៉ាទីណាល់ និងឯកឧត្តមបណ្ឌិត សុខ ឃន អញ្ជើញបិទសិក្ខាសាលារបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ នៅខេត្តបាត់ដំបង
នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបាត់ដំបង ជាតំណាងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តមបណ្ឌិត សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអញ្ជើញជាអធិបតីពិធីបិទសិក្ខាសាលាស្តីពី “របៀបសរសេរព័ត៌មាន របៀបកាន់កម្មវិធី និងរបៀបថតរូប” របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នៅសាកលវិទ្យាល័យជាតិបាត់ដំបង។
សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះ រៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបាត់ដំបង សហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង និងសារព័ត៌មានត្រយង ដែលមានសិក្ខាកាម និមន្តនិងអញ្ជើញចូលរួមចំនួន ៥៥០អង្គ/នាក់ ផ្តល់ជូនដោយឥតគិតថ្លៃ ក្រោមការឧបត្ថម្ភដោយឯកឧត្តម ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ នៃសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ។
សូមបញ្ជាក់ដែរថា វគ្គសិក្ខាសាលានេះ ធ្វើបទបង្ហាញដោយឯកឧត្តមបណ្ឌិត ទូច វណ្ណៈ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត លោក ប៊ិន ប៊ុណ្ណា អគ្គនាយកសារព័ត៌មានត្រយង លោក សំ នឿន អគ្គនាយករងសារព័ត៌មានត្រយង និងលោក ខាន់ ស៊ីដេត អគ្គលេខាធិការរងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ៕