លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម អញ្ជើញចុះពិនិត្យការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែងជំហាន១ ក្នុងភូមិសាស្ត្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
នៅថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តស្ទឹងស្រែងជំហាន១ ក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីរួមខេត្ត តាមបណ្តោយផ្លូវជាតិលេខ ៦៨។
សូមជម្រាបថា តបតាមការណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តជាប្រចាំនៅទូទាំងប្រទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័កិ្តសិទ្ធិភាព និងនិរន្តរភាព នាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តនូវតួនាទីគ្រប់គ្រងលើកិច្ចដំណើរការ និងការងារថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ដែលមានដូចជា៖ ទី១)ការងារដីប្រឡាយមេ ២ខ្សែ(MC1) ខាងកើតនិងខាងលិច ប្រវែង ៨១០២៨ម៉ែត្រ ទី២)ការងារដីប្រឡាយរង ៣ខ្សែ (SC1-1, SC1-2, SC1-3) ខាងកើតប្រវែង ១៥៨៦៥ម៉ែត្រ ទី៣)ការងារដីទំនប់សណ្ដស្ទឹង ១ខ្សែខាងលិច ប្រវែង ២៩៨៤ ម៉ែត្រ ទី៤)សំណង់សិល្បការ្យ ចំនួន ៨៦កន្លែង ដែលរួមមាន សំណង់ទ្វារទឹក សំណង់បង្ហៀរទឹក សំណង់ស្ទាក់ទឹក សំណង់យកទឹក សំណង់បង្វែរចរន្តទឹក សំណង់ស្ពាននិងលូ និងសំណង់ចម្លងទឹក និងទី៥)ម៉ាស៊ីនភ្លើងនៅសំណង់កាត់ស្ទឹង ៤កន្លែង។
លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មបានមានប្រសាសន៍ឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រោចស្រពផ្ទៃដីបង្កបង្កើនផលទាំងរដូវប្រាំង និងរដូវវស្សា ព្រមទាំងតម្រូវការប្រើប្រាស់ទឹកសម្រាប់វិស័យផ្សេងៗទៀតនៅផ្នែកខាងក្រោម តាមរយៈប្រឡាយមេចំនួន២ខ្សែគឺប្រឡាយមេខាងកើតដែលគ្របដណ្តប់លើឃុំចំនួន៦ មានឃុំស្លែងស្ពាន ជ្រោយនាងនួន ខ្លាំងហាយ ព្រៃ និងឃុំត្រាំសសរ ក្នុងស្រុកស្រីស្នំ និងឃុំចំនួន២ មានឃុំសែនសុខ និងឃុំជន្លាស់ដៃ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប និងប្រឡាយមេខាងលិចដែលគ្របដណ្តប់ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ និងឃុំចំនួន៥ មានឃុំស្រះជីក ភ្នំដី ណាំតាវ ប៉ោយចារ និងឃុំស្ពានស្រែង ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយក៏ជាផ្លូវទឹកដ៏សំខាន់មួយសម្រាប់នាំទឹកទៅបំពេញអាងទឹកត្រពាំងថ្ម។
ទន្ទឹមនឹងនេះ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រនេះមានសក្តានុពលក្នុងការនាំទឹកពីទិសខាងជើងទៅទិសខាងត្បូង តាមប្រឡាយមេធំខាងកើតដែលមានប្រវែង ៣៨០៥៩ម៉ែត្រ ដើម្បីមកស្រោចស្រពលើផ្ទៃដីប្រមាណ ១២០០០ហិកតា ក្នុងស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប និង ប្រឡាយមេធំខាងលិច ដែលមានប្រវែង ៤២៩៦៩ម៉ែត្រ ឆ្លងកាត់ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីស្រោចស្រពលើផ្ទៃដីប្រមាណ ១៣០០០ហិកតា ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ព្រមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក៏បានណែនាំដល់មន្រ្តីបច្ចេកទេសប្រតិបត្តិលើការបិទបើកទ្វារទឹក និងការថែទាំជាប្រចាំឱ្យបន្តអនុវត្តការងារដោយយកចិត្តទុកដាក់ទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវម៉ត់ចត់ ដើម្បីធានាបាននូវការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងប្រសិទ្ធភាពរបស់ប្រព័ន្ធ៕