នាយករដ្ឋមន្រ្តីថៃ ៖ ការបញ្ជូនជនជាតិ Uyghur ត្រឡប់ទៅប្រទេសចិនវិញ គឺប្រព្រឹត្តទៅស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ

(បាងកក)៖ នៅថ្ងៃចន្ទ ទី៣ ខែមីនា នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសរបស់លោកស្រី បានអនុវត្តស្របទៅតាមច្បាប់សិទ្ធិមនុស្ស នៅពេលបញ្ជូនជនជាតិភាគតិច Uyghur ចំនួន៤០នាក់ ត្រឡប់ទៅប្រទេសចិនវិញ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការលើកឡើងដូចខាងលើរបស់លោកស្រីនាយករដ្ឋមន្រ្តីថៃ គឺបន្ទាប់ពីអង្គការសហប្រជាជាតិ (UN) និងប្រទេសមួយចំនួន រួមមានសហរដ្ឋអាមេរិក និងអូស្រ្តាលី ជាដើម បានចេញមុខថ្កោលទោសប្រទេសថៃ ជុំវិញរឿងនេះ។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស UN បាននិយាយថា វាគឺជាទង្វើរំលោភបំពានយ៉ាងច្បាស់ ចំពោះច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ រីឯអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ថៃ ក៏បានចេញមុខថ្កោលទោសផងដែរ ដោយនិយាយថា ទីក្រុងវ៉ាស៉ីនតោន ថ្កោលទោសជាទម្ងន់លើទង្វើរបស់ថៃ ដែលផ្ទុយពីកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន នៅក្រោមអនុសញ្ញាពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ក៏ដូចជាសន្ធិសញ្ញាសកលផ្សេងៗទៀត។។
យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃ បាននិយាយថា ការសម្រេចចិត្តបញ្ជូនជនជាតិ Uyghur ត្រឡប់ទៅកាន់ប្រទេសចិនវិញបែបនេះ គឺធ្វើឡើងស្របតាមសំណើរបស់ទីក្រុងប៉េកាំង ដែលបានផ្តល់ការធានាអះអាងថា អ្នកទាំងនោះនឹងមិនប្រឈមការដាក់ពិន័យ ឬការធ្វើបាបអ្វីឡើយ។ ម៉្យាងវិញទៀត ពួកគេផ្ទាល់ បានយល់ព្រមត្រឡប់ទៅវិញ ដោយស្ម័គ្រចិត្ត ក្រោយបានអានកិច្ចព្រមព្រៀងរបស់ចិន ដែលស្នើសុំការធ្វើមាតុភូមិនិវត្តន៍ពួកគេ ហើយប្រកាសអះអាងថា ពួកគេនឹងត្រូវអនុញ្ញាត ឱ្យរស់នៅជាធម្មតា។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ថៃធ្លាប់ចាប់បញ្ជូនជនជាតិភាគតិច Uyghur ១០៩នាក់ត្រឡប់ទៅកាន់ប្រទេសចិនវិញ ជាហេតុជំរុញឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិផងដែរ នៅពេលនោះ៕

អត្ថបទដែលជាប់ទាក់ទង