សម្តេចតេជោ ហ៊ុន សែន ប្រកាសជាពីជំងឺកូវីដ១៩ ព្រមទាំងបង្ហាញរូបថតកាលជំនាន់ចរចាឆ្នាំ១៩៨៩ ជាមួយសំណេរដ៏អត្ថន័យបំផុត «អត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ»
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥, សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសអំពីការជាពីជំងឺកូវីដ១៩ និងចាប់ផ្តើមការងារធម្មតាឡើងវិញ ជាមួយនឹងការប្រកាសបែបនេះ សម្តេចក៏បានបង្ហាញរូបថតកាលជំនាន់ចរចាឆ្នាំ១៩៨៩ ជាមួយសំណេរដ៏អត្ថន័យបំផុត «អត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ» !
តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖
«ព្រឹកមុិញធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមានកូវីដ.១៩ហើយតែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែជាទីគោរពសក្ការះយាងទៅប៉េកាំងព្រឹកមុិញនេះព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ។ ការបារម្មណ៍ខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត។
មុននេះ២ម៉ោងបានធ្វើតេស្តម្តងទៀត លទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យទាំងខ្ញុំកំណត់ថា ខ្ញុំពុំមានជម្ងឺកូវីដ១៩ទៀតទេ។ ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ លាហើយកូវីដ១៩ជាលើកទី២ និងខិតខំមិនឲ្យមានការលាជាលើកទី៣។
ដោយសារថ្មីៗនេះមានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែនខ្ញុំជូនរូបថត ពេលខ្ញុំចរចាឆ្នាំ១៩៨៩ ដែលខ្ញុំហៅថាវេចបាយសុីដើម្បីចរចារកសន្តិភាព។ ពេលនោះខ្ញុំទើបមានអាយុ៣៧ឆ្នាំតែ ពូកែអត់ធ្មត់ដើម្បីសេចក្តីសុខរបស់ជាតិ។ (អត់ធ្មត់ អត់ធ្មត់និងអត់ធ្មត់) នេះមេរៀនរបស់ខ្ញុំ៕