រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំព្រឹត្តិការណ៍ កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ ការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជាមួយស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំត្រួតពិនិត្យលើការរៀបចំព្រឹត្តិការណ៍ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ នឹងឈានដល់ការចាប់ផ្តើមការប្រកួតហើយ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ធ្វើឡើងនារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក កើត ឆែ បានលើកឡើងថា ការកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃនេះ ធ្វើឡើងដើម្បីឱ្យស្ថាប័នពាក់ព័ន្ធបានត្រៀមលក្ខណៈបានគ្រប់ជ្រុងជ្រោយទាំងការរក្សាសន្តិសុខ សុវត្ថិភាព ទាំងការរៀបចំទីតាំង សំរាប់អ្នកចូលរួមទស្សនា និងចំណតជាដើម ហើយចំពោះកិច្ចប្រជុំលើកទី៤នេះ ជាកិច្ចប្រជុំចុងក្រោយ ដើម្បីពិនិត្យការងារដែលនៅសេសសល់ ថាតើយើងត្រូវធ្វើអ្វីទៀតបំពេញបន្ថែម ដើម្បីឈានទៅទទួលបានជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍ នៃការប្រកួតនាថ្ងៃទី០៨ មីនា ឆ្នាំ២០២៥ខាងមុខនេះ។
ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដោយលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោករដ្ឋមន្រ្តីក្រសួងការបរទេស នៃព្រះរាជាណាចក្រ ថៃ នឹងអញ្ជើញចូលរួមជាសហអធិបតី ជាមួយនឹងការផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័ន និងទូរទស្សន៍របស់ថៃ កាច់បន្តផ្សាយផ្ទាល់ពីទូរទស្សន៍បាយ័នផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋថៃ បានទស្សនាព្រមៗគ្នា ជាមួយប្រជាពលរដ្ឋកម្ពុជាដែរ។
ការប្រកួត កីឡាបាល់ទាត់កម្ពុជា-ថៃនេះ គឺជាការប្រកួតមិត្តភាព ដែលមាន កីឡាករនិងតារាល្បីៗរបស់ថៃ និងកីឡាករ និងតារាល្បីៗរបស់កម្ពុជា មកចូលរួមជាកីឡាករជាច្រើននាក់ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរថែមទៀត។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើង ដោយសហព័ន្ធប្រដាល់គុនខ្មែរ មាន២ប្រកួតនោះ៖ ក្រុមបាល់ទាត់តារាកម្ពុជា នឹងប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ និងក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់ MUAYTHAI៕

អត្ថបទដែលជាប់ទាក់ទង