កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិ
ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិ។
នៅថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៥នេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គពណ្ណរាយណ៍ ស្ថិតនៅឃុំជើងកើប ស្រុកកណ្តាលស្ទឹង ដោយមានការចូលរួមពីអភិបាលក្រុង-ស្រុកទាំង១៣ សិស្សានុសិស្ស និងពុទ្ធបរិស័ទជាច្រើនរូប។
ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ពិធីបុណ្យសម្ពោធឆ្លងព្រះវិហារ និងសមិទ្ធផលនានាក្នុងវត្តអង្គពណ្ណរាយណ៍ ដែលកំពុងប្រារព្ធឡើងនាឱកាសនេះ គឺជាសមិទ្ធផលថ្មី ដែលបានបង្ហាញ ឱ្យឃើញពីការរីកចំរើនបន្ថែមទៀតក្នុងពុទ្ធសាសនា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម ការរីកចម្រើននេះគឺពិតជាកើតចេញពីមូលដ្ឋានគ្រឹះដ៍សំខាន់នៃសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ជូនប្រជាពលរដ្ឋ ដែលបានចូលរួមថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់សម្រាប់ប្រទេសជាតិយើង ព្រោះប្រទេសមួយមានសន្តិភាព គឺមានលទ្ធភាព ផ្តោតការយកចិត្តទុកដាក់ លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាលភាព របស់ប្រជាពលរដ្ឋបានល្អប្រសើរ ដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់ សម្រាប់ធានាចីរភាព នៃកិច្ចអភិវឌ្ឍន៍។ ដូច្នេះយើងទាំងអស់គ្នាត្រូវអរគុណដល់សន្តិភាព និងត្រូវចូលរួមគាំទ្រថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាលកម្ពុជាជារៀងរហូត ដើម្បីភាពរីកចំរើន និងការអភិវឌ្ឍកាន់តែខ្លាំងឡើងជាលំដាប់ ប្រសិនបើគ្មានសន្តិភាព គ្មានស្ថិរភាពនយោបាយ យើងមិនអាចកសាងសមិទ្ធផលនានា និងជួបជុំគ្នាធ្វើបុណ្យទានសប្បាយរីករាយដូចថ្ងៃនេះបានទេ។
សូមបញ្ជាក់ថា សមិទ្ធផលនានាដែលត្រូវបានធ្វើពិធីសម្ពោធឆ្លង នាពេលនេះរួមមាន៖ ១. ជួសជុលព្រះវិហារមានឃឿន ២ ជាន់ ដំបូលត្រៃសូរ្យ ប្រក់ក្បឿងស្រការលិញ មានបណ្តោយប្រវែង ២៥,៣ ម៉ែត្រ ទទឹង ១៣,២ ម៉ែត្រ កម្ពស់ ២១ ម៉ែត្រ។ ២. កសាងគំនូរផុសជញ្ជាំងខាងក្រៅព្រះវិហារ ៦ ផ្ទាំង ស្មើនឹង ៩២៦ ម៉ែត្រការ៉េ។ ៣. ចាក់បេតុងបំពេញទីធ្លាក្នុងវត្តទំហំ ១ ៧១០ ម៉ែត្រការ៉េ។ ៤. ក្រាលឥដ្ឋកន្សែងជុំវិញព្រះវិហារទំហំ ៧១៥ ម៉ែត្រការ៉េ។ ៥. ក្រាលការ៉ូជុំវិញព្រះវិហារជាន់លើទំហំ ១០៥ ម៉ែត្រការ៉េ។ ៦. ជួសជុលខ្លោងទ្វារចំនួន ៤ ជុំវិញព្រះវិហារ។ ៧. ដងទង់ ១ គូ និងចាក់ដីបំពេញទីធ្លាក្នុងវត្តចំនួន ៣៤០ ឡាន៕