ឯកឧត្ដម ខៀវ កាញារីទ្ធ រំលឹកនិយាយពីគុណធម៌ របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី
ឯកឧត្ដម ខៀវ កាញារីទ្ធ៖ ថ្ងៃមុននិយាយពីពេលរៀបការសម្តេចគតិបណ្ឌិតជាអ្នកដឹកដៃខ្ញុំ ! យប់នេះ រើរូបដើម្បីបោះសៀវភៅថ្មីមួយទៀតនៅខែមេសា ២០២៥ នេះ ក៏បានឃើញរូបមួយចំនួនដែលទាំងសម្តេចតេជោ និង សម្តេចគតិបណ្ឌិតមករួមអាពាហ៍ពិពាហ៍ខ្ញុំនៅថ្ងៃទី ៦ មេសា ១៩៨៥ ។ ហើយនេះជាលើកទីមួយ ក្រោយ ៧ មករា ១៩៧៩ ដែលលោកទាំងពីរមកចូលរួមអាពាហ៍ពិពាហ៍បែបប្រពៃណីនេះ ។ ហើយនេះមិនមែនជារឿងចៃដន្យទេ ។
នៅមុនពេលរៀបការ ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់មិនអនុញ្ញាតអោយរៀបការទេ ដោយឪពុកក្មេកខ្ញុំ ទេព ថូ ចេញពីយោធាលន់ ណុល ( សក្តិ ៥ ពេទ្យទាហាន ) និង មានអ្នកជំរុញអោយមាននារីអ្នកតវ៉ាផង ( សម័យនោះ មន្ត្រីជាន់ខ្ពស់ដូចជារូបខ្ញុំនៅពេលរៀបការត្រូវមានការយល់ព្រមពីថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស ) ។ មានតែសម្តេចមួយគត់ដែលថាអោយខ្ញុំរៀបការទៅ ។ ដើម្បីបង្ការមានការបំផ្លាញពិធីការនេះ ទើបសម្តេចគតិបណ្ឌិតមកដឹកដៃខ្ញុំ ហើយសម្តេចតេជោបានផ្អាកការប្រជុំគណរដ្ឋមន្ត្រីសម័យនោះដើម្បីមកចូលរួម ។ នេះជាគុណធម៌ដែលខ្ញុំមិនអាចបំភ្លេចបានរហូតមួយជីវិតខ្ញុំ ។