ឃា..តក..ម្មសាហាវ! ស..ម្លាប់បុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ញាត់ចូលក្នុងវ៉ាលី
ភ្នំពេញ៖ ភាពសាហាវ សម្លាប់មនុស្ស កើតមានសឹងរាល់ថ្ងៃ ឃាតកម្មសម្លាប់បុរសម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ញាត់ចូលក្នុងវ៉ាលី ដាក់ជាមួយដុំដែក សម្រាប់ហាត់ប្រាណ ហើយយកទៅទម្លាក់ក្នុងប្រឡាយទឹក ត្រូវអ្នកភូមិប្រទះឃើញ នៅម៉ោង ១០យប់ ថ្ងៃទី ០៣ មីនា ២០២៥ តាមផ្លូវក្រវាត់ក្រុងទី ៣ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ លោក ព្រុំ សំណាង អធិការនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ លើកឡើងថា កម្លាំងជំនាញកំពុងបើកស្រាវជ្រាវ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីពលរដ្ឋថា ប្រទះឃើញសាកសពបុរសម្នាក់សង្ស័យជាជនជាតិខ្មែរ ត្រូវបានក្រុមជនដៃដល់យកទៅប្លុងចោលក្បែរផ្លូវក្រវ៉ាត់ក្រុង រួមជាមួយដុំដែកផងដែរ។ ភ្លាមៗសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីត្រួតពិនិត្យ។
លោកអធិការស្រុករូបនេះ បញ្ជាក់ថា ជុំវិញករណីនេះ សមត្ថកិច្ចបានដាក់ការសន្និដ្ឋានថា ជាអំពើឃាតកម្ម ហើយកម្លាំងជំនាញកំពុងស្វែងរកស្លាកស្នាមនៃការប្រព្រឹត្តនោះ ប៉ុន្តែសាកសពមានសភាពស្អុយរលួយបាត់ទៅហើយ ដោយសារការស្លាប់ច្រើនថ្ងៃ ដូច្នេះត្រូវការពេលច្រើនដើម្បីស្រាវជ្រាវ ៕