ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងប្រមូលធាតុចូលក្នុងការរៀបចំគោលនយោបាយទឹក ដើម្បីចូលរួមកិច្ចប្រជុំអន្តរក្រសួងស្ដីពីស្ថានភាពទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម

នារសៀលថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនៃទីស្ដីការក្រសួង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងប្រមូលធាតុចូលក្នុងការរៀបចំគោលនយោបាយទឹក ដើម្បីត្រៀមចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីស្ថានភាពទឹកស្អាត និងទឹកសម្រាប់វិស័យកសិកម្ម នាពេលខាងមុខ។
សូមជម្រាបថា កិច្ចប្រជុំដ៏មានសារសំខាន់នេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក លោក លោកស្រី ជាអគ្គនាយករង ប្រធាន អនុប្រធាន និងមន្ត្រីនាយកដ្ឋានចំណុះក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូប។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា តបតាមការណែនាំ និងការចង្អុលបង្ហាញប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំធ្វើគោលនយោបាយទឹកគឺត្រូវតែមានការពិភាក្សា និងធ្វើសមាហរណកម្មជាមួយក្រសួងពាក់ព័ន្ធដូចជា ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលក្រសួងទាំងបួននេះមានការពាក់ព័ន្ធទៅនឹងការប្រើប្រាស់ទឹកនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះគឺ ដើម្បីប្រមូលនូវមតិយោបល់របស់ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងការរៀបចំគោលនយោបាយទឹកសម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទឹកដែលកំពុងមានការកើនឡើងជាលំដាប់ ដោយបន្តពីរាជរដ្ឋាភិបាលអាណត្តិមុនៗក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើនយោបាយទឹក តាមរយៈការកសាងអាងស្ដុកទឹកដែលអាចសន្សំទឹកបានប្រមាណ ៤ពាន់លានម៉ែត្រគូប ព្រមទាំងកសាងប្រឡាយមេនិងប្រឡាយរងខ្វាត់ខ្វែង ដើម្បីស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង