ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញបើកកិច្ចប្រជុំការផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់រវាងដៃគូក្នុងប្រទេសឡាវ និងកម្ពុជាស្តីពី ការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ដែលគាំទ្រដោយទីភ្នាក់ងារទឹកបារាំង
នៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ នៅទីស្តីការអាជ្ញាធរទន្លេសាប ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកកិច្ចប្រជុំការផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់រវាងដៃគូក្នុងប្រទេសឡាវ និងកម្ពុជាស្តីពី ការគ្រប់គ្រងធនធានទឹកចម្រុះ (IWRM) ក្នុងក្របខ័ណ្ឌនៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះនៅកម្ពុជា (គម្រោងសាកល្បងអាងស្ទឹងសែន ២០២៤-២០២៦ វដ្តទី២) ដំណាក់កាលទី២ ក្រោមជំនួយហិរញ្ញប្បទានដោយភ្នាក់ងារទឹករបស់បារាំង Loire-Bretagne និង Rhin-Meuse សហការជាមួយការិយាល័យទឹកអន្តរជាតិបារាំង(OiEau)។
សូមជម្រាបថា កិច្ចប្រជុំការផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់នេះ មានការចូលរួមពីក្រសួងធនធានទឹកនិងឧតុនិយម អាជ្ញាធរទន្លេសាប តំណាងគណៈប្រតិភូឡាវរួមមាន នាយកដ្ឋានធនធានទឹកនៃក្រសួងធនធានធម្មជាតិនិងបរិស្ថាន និងការិយាល័យធនធានធម្មជាតិនិងបរិស្ថានខេត្តបូលីខេមសាយ ព្រមទាំងគណៈប្រតិភូទីភ្នាក់ងារទឹកបារាំងរួមមានទីភ្នាក់ងារទឹកបារាំង Rhin-Meuse ទីភ្នាក់ងារទឹកបារាំង Loire-Bretagne និងការិយាល័យទឹកអន្តរជាតិបារាំង (OiEau) ដែលជាម្ចាស់ជំនួយក្នុងគម្រោងការគ្រប់គ្រងធនធានទឹកចម្រុះរបស់ប្រទេសទាំងពីរ សរុបចំនួន ១៥នាក់។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងរួមនៃកិច្ចប្រជុំការផ្លាស់ប្តូរបទពិសោធន៍ថ្នាក់តំបន់នេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាស្វែងយល់ពីការគ្រប់គ្រងធនធានទឹកចម្រុះ គោលនយោបាយទឹក និងអភិបាលកិច្ចទឹករវាងក្រសួងធនធានទឹក និងឧតុនិយមនៃប្រទេសកម្ពុជា និងក្រសួងធនធានធម្មជាតិនិងបរិស្ថាននៃប្រទេសឡាវ។
ជាលទ្ធផលដែលកិច្ចប្រជុំនេះទទួលបាន រួមមាន ទី១)ការផ្លាស់ប្តូរបទពិសោធន៍ និងការកសាងកិច្ចសហការជាមួយភាគីផ្សេងទៀតក្នុងការគ្រប់គ្រងធនធានទឹកចម្រុះ ដែលប្រឈមនឹងបញ្ហាស្រដៀងគ្នា និងទី២)ការសិក្សាស្វែងយល់ និងការអភិវឌ្ឍជំនាញក្នុងការគ្រប់គ្រងធនធានទឹកចម្រុះរវាងភាគីឡាវនិងកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានចែករំលែកនូវការគ្រប់គ្រងអាងស្ទឹង ទន្លេនៅប្រទេសកម្ពុជា និងបានលើកឡើងផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម នឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងធ្វើការគាំទ្រយ៉ាងពេញទំហឹងជាមួយទីភ្នាក់ងារទឹកបារាំង និងការិយាល័យទឹកអន្តរជាតិបារាំង ក៏ដូចជាគណៈប្រតិភូឡាវក្នុងការគ្រប់គ្រងធនធានទឹកចម្រុះក្នុងក្របខ័ណ្ឌអាងទន្លេ រវាងប្រទេសទាំងពីរ៕