ឯកឧត្តម សួស ប្រាថ្នា ផ្ដល់អនុសាសន៍សំខាន់ៗដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើការពង្រឹងប្រសិទ្ធភាពការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលក្រុង ស្រុក នៃរដ្ឋបាលខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។កិច្ចប្រជុំខាងលើនេះ មានការអញ្ជើញចូលរួមពី លោកអគ្គនាយករង លោក លោកស្រីប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីនាយករដ្ឋបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធសរុបប្រមាណ១៥០រូប។
ជាកិច្ចចាប់ផ្ដើមឯកឧត្តមអគ្គនាយក និងជាប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះវត្តមានរបស់លោក លោកស្រី លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹកនិងមានតម្លៃចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ។ បន្ទាប់មក ឯកឧត្តម បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំ ដើម្បីរួមគ្នាពិនិត្យនិងវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈមនានាពាក់ព័ន្ធនឹងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារនិងធនធានរបស់រដ្ឋបាលក្រុង ស្រុក ព្រមទាំងកំណត់នូវវិធានការដោះស្រាយបញ្ហាប្រឈមទាំងនោះ សំដៅពង្រឹងអភិបាលកិច្ចរបស់រដ្ឋបាលក្រុង ស្រុក កាន់តែមានភាពរឹងមាំ មានសមត្ថភាព មានលទ្ធភាព និងភាពស្អាតស្អំ ក្នុងការគ្រប់គ្រង ចាត់ចែង និងការអនុវត្តមុខងារ ធនធាន និងការទទួលខុសត្រូវក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅមូលដ្ឋានកាន់តែរីកចម្រើនបន្ថែមទៀត។
ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សួស ប្រាថ្នា បានធ្វើការគូសបញ្ជាក់ថា ក្នុងអាណត្តិរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកការងារកំណែទម្រង់នៅតែជាកិច្ចការអាទិភាពរបស់ខ្លួន ជាពិសេសកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្ដល់សេវារដ្ឋបាល និងសេវាសាធារណៈជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ផលប្រយោជន៍ និងសុខុមាលភាពសង្គម ការកាត់បន្ថយគម្លាតភាពក្រីក្រ និងជួយលើកស្ទួយគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គនាយក បានបន្ថែមថា ក្រុមការងារអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងធ្វើការចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តតួនាទីនិងភារកិច្ច រចនាសម្ព័ន្ធគ្រប់គ្រងរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ដែលដឹកនាំដោយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឆាប់ៗបន្ទាប់ពីវេទិការាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមធ្វើបទបង្ហាញពីលោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លើប្រធានបទអំពីការគាំទ្រពីនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តតួនាទីនិងភារកិច្ច និងការធ្វើបទបង្ហាញពីរដ្ឋបាលក្រុងកំពង់ចាម និងរដ្ឋបាលស្រុកជីក្រែង ខេត្តសៀមរាប ដែលផ្តោតលើវឌ្ឍនភាពការងារ ការអនុវត្តល្អ បញ្ហាប្រឈម និងសំណូមពរពាក់ព័ន្ធនឹងការរៀបចំផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគ, ការរៀបចំនិងអនុវត្តគម្រោងមូលនិធិក្រុង ស្រុក និងការអនុវត្តមូលនិធិសេវាសង្គម និងអនាម័យបរិស្ថាន។
ជាកិច្ចបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តម សួស ប្រាថ្នា បានផ្ដល់អនុសាសន៍សំខាន់ៗដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយឆន្ទៈ មនសការ សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់។
សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សាលើការពង្រឹងប្រសិទ្ធភាពការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលក្រុង ស្រុក គឺជាកិច្ចប្រជុំលើកដំបូង ហើយអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងបន្តរៀបចំកិច្ចប្រជុំនេះជារៀងរាល់ឆ្នាំ ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រកបដោយភាពបុរេសកម្មរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ផ្ទាល់តែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង