រដ្ឋមន្រ្តីបរិស្ថាន ៖ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់
ភ្នំពេញ៖ នៅក្នុងពេលទទួលជួបជាមួយលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងដាក់ចេញការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ និងចូលរួមកាន់តែប្រសើរ ដល់ការការពារនិងអភិរក្សធនធានធម្មជាតិផងដែរ។ កន្លងមកនេះ ការអភិវឌ្ឍគោលដៅលំហែបៃតង បានរៀបចំនៅលើ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដោយបានបានសាងសង់កន្លែងវិបស្សនាតាមរចនាបថខ្មែរជាច្រើនកន្លែង និងកន្លែងបោះតង់ប្លែកពីកន្លែងដទៃ សម្រាប់សហគមន៍នៅលើឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ដែរថា ការរៀបចំគោលដៅលំហែបៃតងនេះ គឺមានគោលបំណងលើកស្ទួយជីវភាពប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីឱ្យពួកគេមានប្រាក់ចំណូលប្រចាំថ្ងៃ តាមរយៈការផ្តល់សេវាទេសចរណ៍ធម្មជាតិ ដែលបានផ្សារភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត ឬហៅថា របៀងគោលដៅលំហៃបៃតង។ និយាយជារួមការអភិវឌ្ឍនៅតាមសហគមន៍មូលដ្ឋានបែបនេះ នឹងមិនធ្វើឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកឡើយ ពីព្រោះពួកគេមានការងារក្នុងស្រុក និងមានចំណូលនិងស្បៀងបានគ្រប់គ្រាន់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការរៀបចំឱ្យសហគមន៍មានភាពស្អាត ដែលរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុសកល ក្នុងនោះមានការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈយុទ្ធនាការរបស់ក្រសួងបរិស្ថានដែលបានដាក់ចេញរួមមានយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ជាង១០លាននាក់។ យុទ្ធនាការជាច្រើនទៀតដូចជា «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានបន្តជាជំហានៗ ដោយផ្តើមចេញពីយុទ្ធនាការឱ្យក្លាយទៅជាសកម្មភាពរើសសំរាម សំណល់ប្លាស្ទិក សម្អាតលំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូលទុកដាក់ សំរាមនិងសំណល់បា្លស្ទិក ឱ្យបានត្រឹមត្រូវ។ ការណ៍នេះជំរុញឱ្យប្រជាពលរដ្ឋនឹងបន្តជាចលនារួមគ្នាចេញពីក្នុងចិត្ត ធ្វើឱ្យផ្ទះស្អាត ធ្វើឱ្យកម្ពុជាស្អាត ទាំងនៅផ្ទៃក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។
សូមជម្រាបជូនថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះ លោកស្រី Nellie GHUSAYNI បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្តដូចជា ការគ្រប់គ្រងសំរាម ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការបណ្តុះកូនឈើ និងចែកកូនឈើជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដើម្បីយកទៅដាំស្តារព្រៃ ដាំនៅតាមទីក្រុងទីសាធារណៈនានា បង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និងការលើកស្ទួយជីវភាពប្រជាសហគមន៍ ឱ្យមានការរស់នៅប្រកបដោយចីរភាព ៕