ក្រសួងការងារ ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាល TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET 1.5M នៅខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ាន់ ណូរ៉ា អនុរដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំថ្នាក់ដឹកនាំនិងមន្រ្តីនៃអគ្គនាយកដ្ឋា TVET ចូលរួមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីបណ្តុះបណ្ដាល TVET គ្រប់កម្រិត ជាពិសេសកម្មវិធី TVET 1.5M សម្រាប់ជំហានទី១ ឆ្នាំ២០២៥ ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងការរៀបចំដំណើរការបណ្តុះបណ្តាល ការប្រឈម និងសំណូមពររបស់គ្រឹះស្ថាន នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ។
នៅក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជួបសំណេះសំណាល និងប្រជុំពិនិត្យលើលទ្ធផលការងារ និងវឌ្ឍនភាពការងារជាមួយលោកនាយកមជ្ឈមណ្ឌល, នាយករងមជ្ឈមណ្ឌល, ប្រធានផ្នែក, ថ្នាក់ដឹកនាំ មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូរបស់មជ្ឈមណ្ឌល ផងដែរ។
បន្ទាប់ពីចុះពិនិត្យតាមបន្ទប់បណ្តុះបណ្តាល និងរោងជាងអនុវត្តរួចមក ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ(TVET 1.5M) ដូចជា៖
១.បន្តជំរុញយុវជនគោលដៅចុះឈ្មោះចូលរៀនឱ្យបានកាន់តែច្រើនបន្ថែមទៀត។
២.បន្តរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យសម្រេចបានតាមផែនការរបស់ថ្នាក់ដឹកនាំ។
៣. លើកទឹកចិត្តដល់សិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ជាពិសេសសិស្សនៅពេលរៀនចប់មានការងារធ្វើដើម្បីលើកស្ទួយជីវភាពគ្រួសារ។
៤.អំពាវនាវដល់សិស្សជួយផ្សព្វផ្សាយបន្តដល់មិត្តភក្តិបងប្អូន ដែលពុំទាន់មានការងារពិតប្រាកដមកចូលរៀនដើម្បីចាប់យកជំនាញមួយពិតប្រាកដដើម្បីប្រកបមុខរបរចិញ្ចឹមជីវិត៕