បុរសម្នាក់ម្នាក់ បើករថយន្ត ទៅដល់ចំណុចភ្លើងស្តុបពណ៌ក្រហម គិតថា ជាន់ហ្វ្រាំឈប់ដែរ ប៉ុន្តែបែរជាច្រឡំជាន់ហ្គារស្មានថា ហ្វ្រាំងទៅវិញ ទើបមានរឿងស្មានមិនដល់បែបនេះ
ភ្នំពេញ ៖ កាលពី រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចភ្លើងស្តុប មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតនៅក្នុងភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសម្នាក់ចំណាស់ម្នាក់ បានបើកបររថយន្តម៉ាកកាមរីបាឡែន ១គ្រឿង ក្នុងល្បឿនលឿន ហើយខណៈពេលទៅដល់ចំណុចភ្លើងស្តុប លោតពណ៌ក្រហម យានយន្តដទៃបានឈប់រង់ចាំភ្លើងស្តុបត្រៀបត្រា ប្លែកតែរូបគាត់ប៉ុណ្ណោះ ដែលអត់បានបន្ថយល្បឿន ឬក៏ឈប់ដូចគេឡើយ។ គាត់នៅតែបើករថយន្តឆ្ពោះទៅមុខលឿនស្លេវ រួចក៏បានជ្រុលទៅបុករះរថយន្តចំនួន៣គ្រឿង ម៉ូតូកង់បី ១គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉កដឹកទំនិញ ១គ្រឿង បណ្ដាលឲ្យរងការខូចខាតជាបន្តបន្ទាប់ ហើយរថយន្តរបស់គាត់ក៏រងការខូចខាតដែរ ប៉ុន្តែសំណាងល្អគ្មាននរណាម្នាក់រងរបួសឡើយ ។
ក្រោយពីជួបឧបទ្ទវហេតុបែបនេះ បុរសអ្នកបើកបររថយន្តកាមរីបាឡែននោះ បាននិយាយប្រាប់អ្នកនៅកន្លែងកើតហេតុនោះថា គាត់មានជំងឺប្រចាំកាយ ហើយពេលបើករថយន្ត ទៅដល់ចំណុចភ្លើងស្តុបពណ៌ក្រហម គិតថា ជាន់ហ្វ្រាំឈប់ដែរ ប៉ុន្តែបែរជាច្រឡំជាន់ហ្គារស្មានថា ហ្វ្រាំងទៅវិញ ទើបមានរឿងស្មានមិនដល់បែបនេះ តែម្ដង ។
រថយន្តម៉ាកកាមរីបាឡែននោះ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2O-8080 បើកបរដោយបុរសចំណាស់មិនស្គាល់អត្តសញ្ញាណម្នាក់ បានបុករះទៅលើយានយន្ត ចំនួន៥គ្រឿងទៀត ដែលកំពុងឈប់រង់ចាំភ្លើងស្តុបខាងលើ ។
ក្នុងនោះ រួមមានរថយន្តម៉ាកម៊ែកសឺដែស ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BI-6618 ១គ្រឿង ។ ម៉ូតូកង់បី ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ1GM-1456 ១គ្រឿង ។ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2CG-9386 ១គ្រឿង។ ម៉ូតូសណ្ដោងរ៉ឺម៉កដឹកអីវាន់ ១គ្រឿង និងរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AR-1541 ១គ្រឿង ។
នៅមុនពេលកើតហេតុ ខណៈដែលយានយន្តទាំង៥គ្រឿង ខាងលើ កំពុងឈប់រង់ចាំភ្លើងស្តុប លោតពណ៍ខៀវ ដើម្បីបានបន្តដំណើរទៅមុខទៀតនោះ ស្រាប់តែឃើញរថយន្តម៉ាកកាមរីបាឡែនខាងលើ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ី បោះពួយក្នុងល្បឿនលឿន ពីកើតទៅលិច។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ អត់ឈប់គោរពភ្លើងស្តុបនោះទេ រថយន្តនេះនៅតែមានល្បឿនលឿនដដែល ហើយក៏បានជ្រុលទៅបុករះពីចំហៀងខាងឆ្វេងយានយន្តទាំង៥គ្រឿងនោះជាបន្តបន្ទាប់ បណ្ដាលឲ្យរងការខូចខាតទាំងអស់គ្នា ទើបឈប់ស្ងៀម ។
ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា រថយន្តកាមរីបាឡែន ខូចខាតចង្កៀងមុខ១ចំហៀង ខណៈដែលរថយន្ត និងម៉ូតូកង់បី ព្រមទាំងម៉ូតូសណ្ដោងរ៉ឺម៉កសរុប ៥គ្រឿងទៀត ខ្លះខូចខាតចំហៀងខាងឆ្វេង និងខ្លះទៀតខូចទាំងចំហៀងផង និងពីក្រោយផងដែរ ។ ចំណែករថយន្តម៉ាកតូយ៉ូតាព្រូស បានដែលកំពុងឈប់នៅខាងមុខគេបង្អស់នោះ រងការបុកពីរថយន្តម៉ាកកាមរីបាឡែននោះផង និងត្រូវម៉ូតូសណ្ដោងរ៉ឺម៉កខ្ទាតជ្រុលទៅបុកផ្ទប់ពីក្រោយថែម១តង់ថែមទៀតផង ។
កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅធ្វើការវាស់វែង និងនាំយកយានយន្តទាំងអស់ចេញពីផ្លូវ ដើម្បីកុំឲ្យកកស្ទះ ព្រោះចំណុចនោះមានចរាចរមមាញឹកខ្លាំងណាស់ បន្ទាប់មកបានឲ្យភាគីទាំងអស់សម្របសម្រួលគ្នាបញ្ចប់រឿង ៕