ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងវត្ថុតាងត្រូវបានដកហូតរក្សាទុក
អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ស្ដីពីការបង្ការទប់ស្កាត់បញ្ហាបទល្មើសគ្រឿងញៀន នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន ក្នុងការអនុវត្តន៍ផែនការយុទ្ធនាកាប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំឆ្នាំ ដោយមានការណែនាំពីលោក កង សារឿន អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរកែវ ស្ដីពីការបង្កាទប់ស្កាត់ បទល្មើសគ្រឿងញៀននៅក្នុងភូមិសាស្រ្តស្រុកបរកែវ ដោយមានការបញ្ជារផ្ទាល់ពី លោកវរសេនីយ៍ឯក ជួប វណ្ណារក្ស អធិការ នៃអធិការដ្ឋាននគរបាលស្រុកបរកែវ។
សមត្ថកិច្ចជំនាញផែនប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបរកែវ ដឹកនាំដោយលោកអនុសេនីយ៍ឯក ភ្លុក វិចិត្រ សហការណ៍ជាមួយកំលាំងវេនប្រចាំបញ្ជា និងដោយមានការសម្របសម្រួលនិតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដោយមានការសុំសហការណ៍ពី អធិការនគរបាលស្រុកអូរយ៉ាដាវ ក្នុងការតាមចាប់ជនសង្ស័យឈ្មោះ មុំ ឌីណា ដោយជននេះបានយកកាំភ្លើងភ្ជងគំរាមកំហែងឈ្មោះ ពូយ ទៀន ប្រជាការពារភូមិប៉កពោល កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ល្ងាច សមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកបរកែវយើង ក៏បានប្រទះឃើញជនសង្ស័យនេះជិះម៉ូតូមានគ្នា០២នាក់ នៅមុខហាងមីហឹល មួយកន្លែងស្ថិតនៅភូមិមួយ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ពេលឃើញបែបនោះសមត្ថកិច្ចយើងក៏បានជិះឡានប្រដេញតាមចាប់ជនសង្ស័យខាងលើឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងធ្វើការឆែកឆេរលើដងខ្លួនជនសង្ស័យរកឃើញគ្រឿងញៀនចំនួន០១កញ្ចប់ នៅក្នុងកាបូបស្ពាយរបស់ជនសង្ស័យឈ្មោះ មុំ ឌីណា ។
ជនសង្ស័យត្រូវបានឃាត់ខ្លួន និងវត្ថុតាងត្រូវបានដកហូតរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបរកែវ ដើម្បីកសាងសំណំុរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី តាមនីតិវិធីច្បាប់ ៕