មនុស្ស ៦នាក់ រងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅលើដងផ្លូវ ក្នុងស្រុកមួង ខេត្តយ៉ាឡា ប្រទេសថៃ
បាងកក៖ មនុស្ស៦នាក់បានរងរបួសក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅលើដងផ្លូវឆ្លងកាត់មួយក្នុងស្រុកមួង (Muang) ខេត្តយ៉ាឡា (Yala) ប្រទេសថៃ កាលពីល្ងាចថ្ងៃពុធទី៦ ខែកុម្ភៈ។
ខ្សែវីដេអូពីកាមេរ៉ាសុវត្ថិភាពបានបង្ហាញបុរស២នាក់ជិះម៉ូតូគប់គ្រាប់បែកចំនួន២គ្រាប់ទៅលើផ្លូវ Pad Rotfai ក្នុងសង្កាត់ Sateng ខណៈអ្នកបើកបរជាច្រើនកំពុងរង់ចាំភ្លើងសញ្ញាចរាចរណ៍ខៀវដើម្បីបន្តដំណើរទៅមុខទៀត។ គួរជម្រាបថា មានតែគ្រាប់បែកមួយគ្រាប់ប៉ុណ្ណោះ ដែលបានផ្ទុះ។ ជុំវិញហេតុការណ៍នេះ ប៉ូលិសបានអះអងថា ការបំផ្ទុះនេះធ្វើឱ្យមនុស្ស៦នាក់រងរបួស ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ជាមួយគ្នា មន្ត្រីសន្តិសុខក្នុងតំបន់បានឱ្យដឹងថា កាមេរ៉ាសុវត្ថិភាពចំនួន២នៅក្នុងស្រុក Sai Buri និងស្រុក Panare ត្រូវបានបំផ្លាញចោលកាលពីយប់ថ្ងៃដដែលនោះ ខណៈបញ្ហានេះត្រូវបានសគេសង្ស័យជា បង្កឡើងដោយក្រុមបះបោរដើម្បីបិទបាំងការត្រៀមលក្ខណៈរបស់ពួកគេសម្រាប់ការវាយប្រហារក្នុងពិធីបុណ្យរ៉ាម៉ាដនខាងមុខ។ គួរជម្រាបថា ការបំផ្លិចបំផ្លាញកាមេរ៉ា ស្របពេលការស៊ើបការណ៍សម្ងាត់ដែលក្រុមបះបោរ Platong កំពុងរៀបចំការវាយប្រហារដោយគ្រាប់បែក និងការវាយឆ្មក់នៅក្នុងខេត្តប៉ាតានី ក្នុងអំឡុងពិធីបុណ្យរ៉ាម៉ាដាននៅមីនានេះ៕