រថយន្តក្រឡុកស៊ីម៉ងត៍ មួយគ្រឿង ត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយរងការខូចខាតទាំងស្រុង ខណៈពេលកំពុងបើកបរ នៅតាមដងផ្លូវ

ភ្នំពេញ ៖ នៅ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នៅតាមបណ្ដោយមហាវិថីឈ្នះឈ្នះ ហៅផ្លូវលីយ៉ុងផាត់ នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តត្រឡុកស៊ីម៉ងត៍ ដែលត្រូវភ្លើងឆាប់ឆេះពាក់ស្លាកលេខភ្នំពេញ 5A-2038 បើកបរដោយបុរសម្នាក់ ឈ្មោះ សោម វណ្ណៈ អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបរថយន្ត ។

នៅមុនពេលកើតហេតុ ខណៈពេលដែលរថយន្តនោះ កំពុងបើកបរសុខៗ ស្រាប់តែភ្លើងបានឆាប់ឆេះចេញធុងប្រេងយ៉ាងសន្ធោសន្ធៅតែម្តង ។ ភ្លាមៗ អ្នកបើកបរ បានចុះចេញពីលើរថយន្ត ហើយទាក់ទងសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យ ទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ ហើយភ្លើងបានរលត់ទៅវិញ នៅម៉ោង១៥និង០០នាទីរសៀល ថ្ងៃដដែល ។ ទោះបីជាយ៉ាងណា រថយន្តត្រូវភ្លើងឆេះ រងការខូចខាតស្ទើរតែទាំងស្រុង នៅសល់តែផ្នែកត្រឡុកស៊ីម៉ងត៍ តែប៉ុណ្ណោះ ។
ទាក់ទិនអគ្គិភ័យនេះ បើតាមព័ត៌មានពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើងរថយន្តបង្កជាអគ្គិភ័យតែម្តង ។
ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប ។ ទោះជាយ៉ាងណា អគ្គិភ័យនេះ ពុំបានឆេះបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឡើយ ៕

អត្ថបទដែលជាប់ទាក់ទង