អភិបាលខេត្តកណ្ដាល ស្នើដល់មន្ទីរព័ត៌មានខេត្ត សូមផ្សព្វផ្សាយបំផុសឱ្យពលរដ្ឋតុបតែងលម្អ និងសម្អាតបរិស្ថាននៅតាមផ្ទះរៀងៗខ្លួន ដើម្បីសេរីសួស្ដីក្នុងឆ្នាំថ្មី
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែកុម្ភៈ នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម-លោកជំទាវអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុកទាំង ១៣ និងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនៈភាពការងារ របស់គ្រប់អនុគណៈកម្មការរៀបចំសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ នៅក្រុងតាខ្មៅ ដើម្បីបំពេញបន្ថែមទៅលើចំណុចដែលខ្វះខាត ដោយឯកឧត្តមអភិបាលខេត្តបាន លើកទឹកចិត្តដល់អនុគណៈកម្មការកីឡា និងល្បែងប្រជាប្រិយ ត្រូវខិតខំរៀបចំទីតាំង និងសម្ភារៈកម្មវិធីល្បែងប្រជាប្រិយឱ្យបានច្រើនប្រភេទ សម្រាប់ជូនសាធារណជនលេងកម្សាន្ត ក្នុងរយៈពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីចូលរួមអភិរក្សល្បែងប្រជាប្រិយខ្មែរ សម្រាប់យុវជនជំនាន់ក្រោយបានស្គាល់។ ក្រៅពីនេះក៏ត្រូវតែយកចិត្តទុកដាក់ក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីនេះដោយការទទួលខុសត្រូវខ្ពស់។
ឯកឧត្តមអភិបាលខេត្ត បានស្នើដល់គ្រប់អនុគណៈកម្មការដែលមានការពាក់ព័ន្ធក្នុងការរៀបចំតុបតែងលម្អ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំតុបតែងតាមដងផ្លូវ ភ្លើងពណ៌ត្រូវតែមានសោភ័ណ្ឌភាពស្រស់ស្អាត រាល់រូបភាពដែលដាក់បង្ហាញត្រូវមានលក្ខណៈជាវប្បធម៌ខ្មែរ ដូចជា គោម អង្រុត ឈ្នាងជាដើម ចំពោះក្លោងទ្វារចូលក្នុងពិធីក៏ត្រូវតែយកចិត្តទុកដាក់រៀបចំឱ្យមានភាពទាក់ទាញផងដែរ។
បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត ក៏បាន ស្នើដល់មន្ទីរព័ត៌មានខេត្តកណ្តាល និងមន្ទីរពាក់ព័ន្ធ សូមផ្សព្វផ្សាយបំផុសឱ្យប្រជាពលរដ្ឋតុបតែងលម្អ និងសម្អាតបរិស្ថាននៅតាមផ្ទះរៀងៗខ្លួន ដើម្បីសេរីសួស្ដីក្នុងឆ្នាំថ្មី។ ដោយឡែកចំពោះក្រុង-ស្រុក ត្រូវជំរុញសកម្មភាពនានាមានការលេងល្បែងប្រជាប្រិយជាដើម ក្នុងពេលចូលឆ្នាំនៅតាមទីវត្តអារាម កុំប្រមូលផ្ដុំកំសាន្តនៅតែមួយកន្លែង ជាងនេះទៅទៀតក៏ត្រូវតែយកចិត្តទុកដាក់រៀបចំកងកម្លាំងមានសមត្ថកិច្ចប្រចាំការដើម្បីជួយថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅថ្ងៃចូលឆ្នាំថ្មី។
សូមបញ្ជាក់ថា ក្នុងពិធីសង្ក្រាន្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី នៅក្រុងតាខ្មៅ រដ្ឋបាលខេត្តនឹងរៀបចំពីតាមបែបសាសនា មានការកំសាន្តនានាដូចជា ការបាញ់ទឹក ការបាញ់កាំជ្រួច ការប្រគុំតន្ត្រី មានស្តង់ពិពណ៌ទំនិញជាច្រើនមុខ ជាពិសេសក៏មានការដាក់តាំងរូបតំណាងឆ្នាំម្សាញ់ រូបពស់ផងដែរ ៕