ផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង ៥,០០០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងវត្តព្រះវិហារ ក្នុងស្រុកបាធាយ ដែលមានតម្លៃជាង ១លាន ៣សែនដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវក្រាលកៅស៊ូមួយខ្សែប្រវែងជាង ៥,០០០ ម៉ែត្រ និងសមិទ្ធផលនានា ក្នុងវត្តព្រះវិហារ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ដែលចំណាយថវិកាសាងសង់សរុបប្រមាណជាង ១លាន ៣សែនដុល្លារអាមេរិក។
ស្ថិតនៅក្នុងឱកាសសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ហើយដឹងថា ក្រៅពីផ្លូវក្រាលកៅស៊ូមួយខ្សែ ដែលមានប្រវែង ៥,៥០០ ម៉ែត្រ ពីទីប្រជុំជន ឃុំតាំងក្រសាំង ភ្ជាប់ទៅវត្តភ្នំព្រះវិហារ និងភូមិក្រដាស <ក> ភូមិក្រដាស <ខ> នៅមានសមិទ្ធផល ១៥មុខទៀត ចំណាយថវិកាសាងសង់សរុបប្រមាណជា ១លាន ៣សែនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងថ្ងៃនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេច តែងតែមានការគិតគូរ អំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋមិនថានៅទីជិត ឬឆ្ងាយឡើយ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ស្របពេលដែលប្រទេសជាតិយើងមានសុខសន្តិភាព មានមេដឹកនាំដ៏ត្រឹមត្រូវ ធ្វើឲ្យមានការអភិវឌ្ឍន៍រីកចម្រើនក្នុងសហគមន៍ ក្នុងសង្គមជាតិ ពិតជាបានបោះជំហានយ៉ាងលឿន ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងមានសេចក្តីសោមនស្សរីករាយ និងជីវភាពធូរធារ។ ជាមួយគ្នានេះដែរ ក៏ជាឱកាសឲ្យបងប្អូនប្រជាពលរដ្ឋយើងមានលទ្ធភាព ក្នុងការចូលរួមជាបច្ច័យដើម្បីកសាង នូវសមិទ្ធផលនានា តាមទីវត្តអារាម ធ្វើឱ្យទីវត្តអារាមមានការរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខជាលំដាប់ ពោលគឺ វិស័យពុទ្ធចក្រនិងវិស័យអាណាចក្រមានការអភិវឌ្ឍរីកចម្រើនព្រមជាមួយគ្នា ៕

អត្ថបទដែលជាប់ទាក់ទង