បុរសវ័យចំណាស់ម្នាក់ បាត់ខ្លួនចំនួន២ថ្ងៃ ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកក្នុងស្ទឹង មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល

ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់បានបាត់ខ្លួនចំនួន២ថ្ងៃ ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតទឹកក្នុងស្ទឹងមួយកន្លែងបង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិនិងសមត្ថកិច្ចជួយអន្តរាគមន៍ស្រង់ចេញពីទឹក ដើម្បីពិនិត្យក្រែងមានករណីផ្សេង។
ការប្រទះឃើញសពបុរសវ័យចំណាស់នោះកាលពីល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥នៅចំណុចស្ទឹងជាំស្ថិតនៅក្នុង ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចស្រុកឱរ៉ាល់បាននិយាយឱ្យដឹងថា កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចស្ទឹងជាំ ស្ថិតនៅក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ មានប្រជាពលរដ្ឋមិនស្គាល់អត្តសញ្ញាណបានប្រទះឃើញសាកសពអណ្តែតទឹកនៅចំណុចខាងលើបន្ទាប់ពីទទួលបានព័ត៌មានរួច កំម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុករួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតាសាលកម្លាំងប្រជាការពារភូមិសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់នឹងកម្លាំងយោធាខេត្តកំពង់ស្ពឺប្រចាំការនៅក្នុងតំបន់រោងចក្រហ្គ្រែតហ្វៀលចុះទៅដល់កន្លែងកើតហេតុស្រាវជ្រាវរកឃើញថាសពមានឈ្មោះ យេន វ៉ាត ភេទ ប្រុស អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ បើតាមការបំភ្លឺរបស់ឈ្មោះយេន រ៉ាន ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ(ត្រូវជាប្អូនស្រីបង្កើតរបស់សព) បាននិយាយឱ្យដឹងថាឈ្មោះ យេន វ៉ាត ជាបងប្រុសរបស់ខ្លួនជាមនុស្សញៀនស្រារជាប្រចាំនឹងសតិវង្វេងវង្វាន់ អស់រយះពេលជាងមួយឆ្នាំមកហើយ ។
ស្ត្រីជាប្អូនជនរងគ្រោះបានបន្តទៀតថា បងប្រុសរបស់គាត់ ធ្វើការជាសន្តិសុខក្នុងក្រុមហ៊ុនចំការអំពៅប៉ុន្តែមិនដឹងថាឈរជើងនៅចំណុចណាទេស្រាប់តែដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២ថ្ងៃត្រង់ខ្លួនបានទទួលដំណឹងថាបងប្រុសរបស់ខ្លួនឈ្មោះ យេន វាត បាត់ខ្លួនចេញពីរកន្លែងធ្វើការនៅចំណុចភូមិជាំ ខ្លួនគិតថាបងប្រុសវង្វេងទៀតហើយក៏នាំបងប្អូនដើររកតែមិនឃើញរហូតដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ក៏មានសមត្ថកិច្ចផ្តល់ព័ត៌មានថាមានគេប្រទះឃើញសាកសពនៅក្នុងស្ទឹងជាំខ្លួនក៏នាំបងប្អូនមកមើលឃើញថាសាកសពអណ្តែតទឹកពិតជាបងប្រុសរបស់ខ្លួនពិតប្រាកដមែន។
ក្រោយពីធ្វើការពិនិត្យនឹងមានការឯកភាពពីសាច់ញាតិថាសពពិតជាលង់ទឹកស្លាប់ដោយខ្លួនឯងពិតមែនហើយបានប្រគល់សពជូនសាច់ញ្ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង