ស្រី្តម្នាក់រងរបួសស្នាមត្រង់កញ្ចឹងក បន្ទាប់ពីជនដៃដល់ម្នាក់ ប្រើអំពើហិ..ង្សាយកកាំបិតបុ័ងតោទៅកាប់ដល់ក្នុងផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល
ភ្នំពេញ ៖ ស្រី្តម្នាក់រងរបួសស្នាមត្រង់កញ្ចឹងក បន្ទាប់ពីជនដៃដល់ម្នាក់ប្រើអំពើហិង្សាយកកាំបិតបុ័ងតោទៅកាប់ដល់ក្នុងផ្ទះរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលនៅ យប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនបង្កឈ្មោះ ទឹម ញឹប ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ដូរបន្តិចបន្តួច នៅផ្ទះជួលខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។
ស្រី្តរងគ្រោះឈ្មោះ វិត សុភី អាយុ៤៦ឆ្នាំ មុខរបរលក់ដូរចាប់ហួយនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុ ។
នៅមុនពេលកើតហេតុ គេឃើញជនបង្កត្រឡប់មកពីផឹកស៊ីខាងក្រៅវិញស្រវឹងជោគក៏បានរករឿងឈ្លោះជាមួយប្រពន្ធកូនដេញវាយកូនៗរត់ជែកជើងគ្នាផ្អើលគេចចូលពួនជ្រកតាមផ្ទះអ្នកជិតខាង បន្ទាប់មកស្រាប់តែបុរសជាជនសង្ស័យនេះ បានទៅយកកាំបិតបុ័ងតោកាន់ចូលទៅកាប់ស្ដ្រីរងគ្រោះដល់ក្នុងផ្ទះដែលនៅផ្ទះទល់មុខគ្នាកំពុងតែអង្គុយមើលកូនហូបបាយទាំងមិនដឹងខ្លួនបណ្ដាលឲ្យរងរបួសមុតស្មាមួយកាំបិត ។ ភ្លាមៗនោះដែរបានពលរដ្ឋនៅទីនោះនាំគ្នាជួយចាប់ឃាត់ជនបង្ករួចរាយការណ៍ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ឃាត់ខ្លួននាំយកទៅប៉ុស្តិ៍ដើម្បីសាកសួរចំណែកស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងតាមក្រោយផងដែរ។
ប្រភពដដែលបានបន្តទៀតថា កាលពីប្រមាណខែមុន ជនរងគ្រោះនឹងក្រុមគ្រួសារជនបង្កធ្លាក់មានរឿងរ៉ាវឈ្លោះប្រកែកគ្នាម្ដងរួចមកហើយរឿងកាប់មែកឈើបោះដាក់គ្នា ដោយខាងជនបង្កចោទប្រកាន់ថាក្រុមគ្រួសាររងគ្រោះធ្វើអំពើដាក់មកដាក់លើគ្រួសាររបស់គាត់បានជាប្ដីប្រពន្ធចេះតែឈ្លោះប្រកែកគ្នារហូតមក ខណៈពេលដែលកើតហេតុខាងលើជនបង្កគុំកួនក៏យកកាំបិតប័ងតោទៅកាប់ស្ដ្រីរងគ្រោះតែម្ដង ។ បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចរាល់និងមានវត្ថុតាងជាក់ស្ដែងខាងសមត្ថកិច្ចមូលដ្ឋានបានសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យខាងលើទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការខណ្ឌកំបូលបន្តចាត់ការទៅតាមផ្លូវច្បាប់ ៕