FFC ប្រកាសតែងតាំងលោក Koji Gyotoku ជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាផ្លូវការ

(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានប្រកាសតែងតាំងលោក Koji Gyotoku ជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាផ្លូវការហើយ ក្រោយដឹកនាំក្រុមក្នុងតួនាទីគ្រូបង្វឹកបណ្ដោះអាសន្ន កាលពីថ្មីៗ ជាមួយកិច្ចសន្យារយៈពេល ១ឆ្នាំ។
យោងតាមការជូនដំណឹងរបស់សហព័ន្ធ នៅព្រឹកថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា «សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានសេចក្ដីសោមនស្សរីករាយក្នុងការប្រកាសជូនអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជា ឲ្យបានជ្រាបថា លោក Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ជាផ្លូវការ ដែលកុងត្រារបស់លោកមានរយៈពេល ១ឆ្នាំ»។
សូមរំឮកថា ក្រោយមានបទពិសោធន៍ដឹកនាំក្រុមជម្រើសជាតិយុវជនស្ទើរគ្រប់កម្រិតនៅកម្ពុជា លោក Koji Gyotoku ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នដឹកនាំក្រុមធំ កាលពីចុងឆ្នាំ២០២៤ កន្លងទៅ ជាមួយយុទ្ធនាការប្រកួតជើងឯកបាល់ទាត់អាស៊ីអាគ្នេយ៍ AFF Cup 2024 ដែលបញ្ចប់ត្រឹមលេខ៤ ក្នុងពូល បន្ទាប់ពីថៃ សិង្ហបុរី និងម៉ាឡេស៊ី គ្រាដែលវៀតណាម បានគ្រងជើងឯក ។
ភារកិច្ចចំពោះមុខក្រោយក្លាយជាគ្រូបង្គោលផ្លូវការ លោក Koji Gyotoku នឹងត្រូវប្រមូលផ្ដុំក្រុមជម្រើសជាតិ ក្នុងពេលឆាប់ៗ ដើម្បីត្រៀមការប្រកួតមិត្តភាពអន្ដរជាតិចំនួន ២ ដោយត្រូវជួបក្រុមម្ចាស់ផ្ទះវៀតណាម តបតាមការអញ្ជើញរបស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម នាថ្ងៃទី១៩ ខែមីនា មុនត្រឡប់មកបើកទ្វារពហុកីឡដ្ឋានជាតិ(អូឡាំពិក) ទទួលក្រុមជម្រើសជាតិ Aruba នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង