រដ្ឋមន្ត្រីសុខាភិបាល ណែនាំឱ្យបង្កើនការយកចិត្តទុកដាក់បម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ដោយមិនមានការរើសអើង

ភ្នំពេញ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមីនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ជាពិសេសប្រធានមន្ទីរពេទ្យ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់មូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស ដោយត្រូវធានាមិនមានការរើសអើង និងត្រូវពង្រឹងចំណុចដែលអនុវត្តល្អកន្លងមក ព្រមទាំងពិនិត្យនូវចំណុចខ្វះខាត ដើម្បីធ្វើការកែលម្អឱ្យកាន់តែប្រសើរឡើង។
ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសតាមបណ្តារាជធានី ខេត្ត ត្រូវពង្រឹង និងពង្រីកការបម្រើសេវាជូនប្រជាពលរដ្ឋ ជាពិសេសមូលនិធិសមធម៌ និងប.ស.ស ឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដោយត្រូវ៖ ១) ត្រូវពិនិត្យរាល់មតិលើកឡើង ដើម្បីឆ្លុះបញ្ចាំងជាមួយការជាក់ស្តែង ដោយត្រូវពិនិត្យឱ្យគ្រប់ស្ថានភាព បើល្អត្រូវបង្កើនការប្រុងប្រយ័ត្ន និងជៀងវាង ២) បន្តចុះពិនិត្យ ដោយដាក់ក្រុមការងារចុះជាក់ស្តែងមិនឱ្យដឹងព័ត៌មាន ៣) គោលការណ៍កែលម្អឱ្យចំកន្លែងខ្វះខាត និងលើកសរសើរកន្លែងខិតខំជាទូទៅ ដើម្បីបងប្អូនមានទឹកចិត្តខិតខំបន្តទៀត ៤) នៅតាមមន្ទីរពេទ្យ ឬកន្លែងផ្តល់សេវា ត្រូវរៀបចំឱ្យមានប្រអប់សំបុត្រឱ្យបានស្អាត ឬ មាន QR Code សម្រាប់ទទួលនូវមតិយោបល់របស់ប្រជាពលរដ្ឋ ទាំងគ្រប់ទិដ្ឋភាព រិះគន់ស្ថាបនា ឬ សំណូមពរ ៥) បន្តយន្តការជាប្រចាំ ដោយត្រូវមានការសហការឱ្យបានជិតស្និតជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកការងារឱសថ ចំណីអាហារ បរិក្ខារពេទ្យ នាយកដ្ឋានមន្ទីរពេទ្យ ត្រូវពន្លឿនការងារឱ្យបានទាន់ពេលវេលា និងបង្កើនការពិនិត្យឱ្យបានច្បាស់លាស់។ ចំពោះការងារសវនកម្ម និងអធិការកិច្ច ត្រូវបង្កើនសកម្មភាពចុះពិនិត្យ ដោយប្រុងប្រយ័ត្ន និងត្រូវដើរតាមគន្លងនីតិវិធី។ ករណីជំងឺឆ្លង ត្រូវបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ ដូចជាជំងឺផ្តាសាយបក្សី និងជំងឺឆ្លងផ្សេងៗទៀត ដែលអាចបង្កឱ្យមានការឆ្លងរាលដាលជាយថាហេតុក្នុងសហគមន៍។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទទួលបន្ទុករៀបចំដំណើរការសន្និបាតសុខាភិបាល លើកទី៤៤ ដែលប្រព្រឹត្តទៅ ដោយរលូន និងនវានុវត្តន៍ ដែលទទួលបានលទ្ធផលល្អគួរជាទីមោទនៈ។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំឱ្យយកបទពិសោធន៍នៃការរៀបចំបានល្អ និងមានចំនុចខ្វះខាតខ្លះៗ ដើម្បីកែលម្អឱ្យកាន់តែល្អប្រសើរនាឱកាសក្រោយ៕

អត្ថបទដែលជាប់ទាក់ទង