រដ្ឋបាលខេត្តពោធិ៍សាត់ ជូនដំណឹងពីការរៀបចំតំបន់អន្លង់អាំង (ភ្នំ១៥០០) ឱ្យទៅជាតំបន់បៃតង ក្នុងស្រុកវាលវែង, អ្នកពាក់ព័ន្ធតំបន់អន្ទង់អាំង ធ្វើការរុះរើដោយខ្លួនឯងតាមការកំណត់

(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំតំបន់អន្លង់អាំង (ភ្នំ១៥០០) ឱ្យទៅជាតំបន់បៃតង ក្នុងស្រុកវាលវែង។ សេចក្តីជូនដំណឹងនោះមានខ្លឹមសារ គឺដើម្បីឱ្យប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង (ភ្នំ១៥០០) ធ្វើការរុះរើ និងចាកចេញពីតំបន់អន្ទង់អាំង ដោយខ្លួនឯង ឱ្យបានតាមការកំណត់ ក្នុងករណីមិនព្រមរុះរើ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់។
តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន ទទួលបានរៀបរាប់ថា រដ្ឋបាលខេត្តពោធិ៍សាត់ បានជម្រាបជូន ប្រជាពលរដ្ឋដែលមិនព្រមចាកចេញពីតំបន់ អន្ទង់អាំង (ភ្នំ១៥០០) ក្នុងភូមិសាស្ត្រភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជ្រាបថា៖ ដើម្បីអនុវត្តតាមស្មារតី នៃលិខិតលេខ ៧៨៥សជណ និងលិខិតលេខ១១០០សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ឱ្យមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលខេត្តសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងតំបន់អន្ទង់អាំង(ភ្នំ១៥០០)ដូចខាងក្រោម៖
១៖ កំណត់ពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ ឱ្យលោក/លោកស្រី ដែលរស់នៅក្នុងតំបន់ហាមឃាត់ ធ្វើការរុះរើ និងចាកចេញពីតំបន់អន្ទង់អាំង ដោយខ្លួនឯង។
២៖ ក្នុងករណីផុតពេលកំណត់ បើលោក/លោកស្រី នៅតែមិនព្រមរុះរើ និងចាកចេញដោយខ្លួនឯងនោះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិ សម្ភារដែលមានតម្លៃ និងផលប្រយោជន៍ផ្សេងៗ របស់លោក/លោកស្រី នោះឡើយ។
៣៖ ជាមួយនេះ លោក/លោកស្រី ត្រូវប្រឈមនឹងការទទួលខុសត្រូវចំពោះមុខច្បាប់ ដែលបានកំណត់ ក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ តាមមាត្រា៨៥០ ដោយបានចែងថា៖ «ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០,០០០,០០០ រៀល ទៅ ៥០០,០០០,០០០រៀល»៕

អត្ថបទដែលជាប់ទាក់ទង