ទីបំផុត! ស្ត្រីឈ្មោះ ប៉ិល ហាក់ មានស្រុកកំណើតនៅភូមិសុភិន ឃុំសម្បូរ ស្រុកសម្បូរ ខេត្តក្រចេះ ដែលបានទុកចៅប្រុស អាយុ៣ឆ្នាំ ឲ្យនៅក្នុងបន្ទប់ជួលម្នាក់ឯង រួចចេញទៅទិញម្ហូបហើយវង្វេងរកផ្លូវ ទៅកាន់បន្ទប់ជួលវិញ អត់ឃើញ

ភ្នំពេញ ៖ ទីបំផុត! ស្ត្រីឈ្មោះ ប៉ិល ហាក់ អាយុជាង៤០ឆ្នាំ មានស្រុកកំណើតនៅភូមិសុភិន ឃុំសម្បូរ ស្រុកសម្បូរ ខេត្តក្រចេះ ដែលបានទុកចៅប្រុស អាយុ៣ឆ្នាំ ឲ្យនៅក្នុងបន្ទប់ជួលម្នាក់ឯង រួចចេញទៅទិញម្ហូបហើយវង្វេងរកផ្លូវ ទៅកាន់បន្ទប់ជួលវិញ អត់ឃើញនោះ ត្រូវបានកូនស្រីតាមរកឃើញ និងយកចេញពីសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់បន្ទប់ជួល ស្ថិតនៅក្នុងភូមិព្រៃទា១វិញហើយ នាវេលាម៉ោងជាង៧យប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដដែលនោះ ចំណែកចៅប្រុសរបស់គាត់វិញ មានសុខភាពធម្មតាទេ មិនមានគ្រោះថ្នាក់អ្វីកើតឡើងឡើយ ។
បើតាមប្រជាការពារសង្កាត់ចោមចៅទី៣ បានប្រាប់ឲ្យដឹងថា ក្រោយពេលចេញពីធ្វើការរោងចក្រវិញ ស្ត្រីឈ្មោះ អ៊ុំ ស្រីល័ក្ខណ៍ អាយុ៣០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ដែលជាកូនស្រីបង្កើតបាត់មិនឃើញម្ដាយនៅបន្ទប់ជួល ក៏បានដើររក ប៉ុន្តែរកមិនឃើញឡើយ ។ បន្ទាប់មក នាងបានទៅរាយការណ៍ជូនលោកមេភូមិព្រៃទា១ ទើបលោកមេភូមិប្រាប់ពីដំណឹងម្ដាយរបស់នាង ព្រមទាំងចាត់កម្លាំងប្រជាការពារភូមិឲ្យជូននាងទៅទទួលយកម្ដាយនៅឯសាលាសង្កាត់ចោមចៅទី៣ ហើយប្រជាការពារ ក៏បានជូនទៅដល់បន្ទប់ជួល ដែលពួកគាត់ស្នាក់នៅរួចរាល់ហើយ ។

សូមជម្រាបជូនថា ស្ត្រីម្នាក់ខាងលើទើបមកពីខេត្តក្រចេះ ស្នាក់នៅបន្ទប់ជួលមួយកន្លែងមើលកូនឲ្យកូនស្រីរបស់គាត់ ដែលជាកម្មការិនីរោងចក្រ ទើបតែបានរយៈពេល៥ថ្ងៃ តែប៉ុណ្ណោះ សូម្បីតែនៅជុំវិញផ្ទះជួល មិនទាន់ស្គាល់ផង ចំណែកកូនស្រីបានផ្ដាំថា «ម៉ែកុំចេញក្រៅអី ខ្លាចវង្វេង បើចង់ទិញម្ហូប មានគេដឹកដើរលក់ដល់មុខផ្ទះទេ ចេញតែបន្តិចទៅឃើញហើយ» ។ ប៉ុន្តែគាត់អត់ស្ដាប់ និងភ្លេចបណ្ដាំកូនស្រីប្រាប់ ហើយឆ្លៀតពេលកូនស្រីទៅធ្វើការបាត់ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ គាត់បានចេញទៅរកទិញម្ហូបនៅផ្សារព្រៃ សង្កាត់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ខណៈនោះគាត់ពុំបានយកចៅទៅជាមួយទេ គឺបានទុកចៅប្រុសនៅក្នុងបន្ទប់ជួល រួចចាក់សោទ្វារថែមទៀត ក៏ស្រាប់តែវង្វេងរកផ្លូវ ទៅបន្ទប់ជួលវិញ លែងឃើញ ពេញ១ថ្ងៃ ហើយពុំដឹងថា ចៅប្រុសរបស់គាត់ឃ្លាន និងយំយ៉ាងណានោះទេ ។
ស្ត្រីរូបនោះ បាននិយាយប្រាប់ថា គាត់ឈ្មោះ ប៉ិល ហាក់ អាយុជាង៤០ឆ្នាំ មានស្រុកកំណើតនៅភូមិសុភិន ឃុំសម្បូរ ស្រុកសម្បូរ ខេត្តក្រចេះ ហើយគាត់ទើបតែមកស្នាក់នៅផ្ទះជួល នៅម្ដុំផ្សារព្រៃទា ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរយៈពេល៥ថ្ងៃ ប៉ុណ្ណោះ ។ គាត់ស្នាក់នៅជាមួយកូនស្រីម្នាក់ឈ្មោះ អ៊ុំ ស្រីល័ក្ខណ៍ អាយុ៣០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រកាត់ដេរ ដោយកូស្រីរូបនោះ បានយកមកឲ្យជួយកូនឲ្យនាង (ចៅរបស់គាត់) ព្រោះនាងជាប់ធ្វើការអត់មានអ្នកជួយមើលថែ ។
គាត់បាននិយាយប្រាប់ឲ្យដឹងបន្តទៀតថា ចំណែកចៅប្រុសតូច ដែលគាត់ទុកនៅក្នុងបន្ទប់ជួលម្នាក់ឯងនោះ ឈ្មោះ ហួន លីហេង ទើបតែអាយុ៣ឆ្នាំប៉ុណ្ណោះ ហើយកាលពីប៉ុន្មានថ្ងៃមុន គាត់រួមជាមួយកូនប្រសារប្រុស និងចៅៗសរុបគ្នា៥នាក់ បានមកលេងកូនស្រីឈ្មោះ អ៊ុំ ស្រីលក្ខណ៍ នៅក្នុងបន្ទប់ជួលមួយ។ ប៉ុន្តែក្រោយសម្រាកបាន៣យប់ កូនប្រសារ និងចៅៗ៣នាក់ទៀត ត្រលប់ទៅស្រុកវិញមុនបាត់អស់ទៅ នៅសល់តែរូបគាត់នៅមើលចៅប្រុសឈ្មោះ ហួន លីហេង ហើយគិតមកដល់ថ្ងៃវង្វេងនេះ គាត់ទើបស្នាក់នៅផ្ទះជួលនោះបាន៥ថ្ងៃប៉ុណ្ណោះ ។
ស្ត្រីខាងលើ បានរៀបរាប់ប្រាប់ឲ្យដឹងបន្ថែមថា ក្នុងពេលស្នាក់នៅ និងមុនពេលចេញទៅធ្វើការកូនស្រីបានផ្ដាំថា «ម៉ែកុំចេញក្រៅអីខ្លាចវង្វេង បើចង់ទិញម្ហូប មានគេដឹកដើរលក់ដល់មុខផ្ទះទេ ចេញតែបន្តិចទៅឃើញហើយ» ។ ប៉ុន្តែគាត់អត់ស្ដាប់ និងភ្លេចបណ្ដាំកូនស្រី នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ គាត់បានចេញពីផ្ទះជួលខាងលើទៅរកទិញម្ហូបនៅម្ដុំផ្សារព្រៃទា ហើយមិនបានយកចៅទៅតាមទេ ដោយបានឲ្យនៅក្នុងបន្ទប់ជួល រួចចាក់សោ ហើយទើបចេញទៅផ្សារ ហើយក៏វង្វេងរកផ្លូវទៅបន្ទប់ជួលវិញ លែងឃើញពេញ១ថ្ងៃ កាន់តែរកកាន់តែវង្វេង ។
ប្រជាការពារភូមិបាននិយាយថា បានឃើញស្ត្រីរូបនោះ ក្នុងស្ថានភាពហេវហត់ និងភិតភ័យ ហើយដើរតាមផ្លូវក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលារសៀលថ្ងៃដដែលនោះ ទើបកម្លាំងប្រជាការពារភូមិ សួរនាំ ហើយបានដឹងថា គាត់វង្វេងរកបន្ទប់ជួលអត់ឃើញ។ បន្ទាប់មកប្រជាការពារ ក៏បានដឹកគាត់តាមម៉ូតូដើរស្វែងរកផ្ទះជួលផង និងដើររោងចក្រដែលគាត់ប្រាប់ថាកូនស្រីកំពុងធ្វើការនៅទីនោះផង ប៉ុន្តែដើររករហូតដល់វេលាល្ងាចថ្ងៃដដែល រកមិនឃើញសោះ ទើបសម្រេចនាំគាត់ទៅកាន់សាលាសង្កាត់ចោមចៅទី៣ ដើម្បីរង់ចាំកូនស្រីគាត់ ទៅយកត្រលប់ទៅបន្ទប់ជួលវិញ ៕

អត្ថបទដែលជាប់ទាក់ទង