ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងារ របស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥

កាលពីល្ងាច ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលម៉ានី អគារThe Kampus។
កិច្ចប្រជុំនេះដែរ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអនុប្រធានក្រុមការងារចង្កោមទី៤ តំណាង ឯកឧត្តម ទៀ សីហា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តសៀមរាប និងជាប្រធានក្រុមការងារចង្កោមទី៤ នៃព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ដ» ឆ្នាំ២០២៥ បានដឹកនាំសមាជិកក្រុមការងារចង្កោមចូលរួមក្នុងកិច្ចប្រជុំផងដែរ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធានចង្កោម ប្រធាន និងតំណាងក្រុមការងារ ព្រមទាំងសមាជិកសមាជិកាក្រុមការងាររៀបចំ ប្រមាណ ២០០ នាក់។
គោលបំណងនៃការរៀបចំកិច្ចប្រជុំនាឱកាសនេះ គឺធ្វើឡើងដើម្បីបង្ហាញពីវឌ្ឍនភាពការងាររៀបចំរបស់ក្រុមការងារគ្រប់ចង្កោមនៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ ក៏ដូចជាពិនិត្យ ពិភាក្សា ឆ្លងយោបល់ និងបន្តរៀបចំផែនការដើម្បីអនុវត្តការងារត្រៀមឆ្ពោះទៅថ្ងៃព្រឹត្តិការណ៍ ធ្វើយ៉ាងណាឱ្យអង្គរសង្ក្រាន្តឆ្នាំ២០២៥ បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។
សូមជម្រាបជូនថា ការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» គឺដើម្បីឆ្លើយតបទៅនឹងបំណងរបស់ប្រជាពលរដ្ឋជាច្រើនដែលតែងទន្ទឹងរង់ចាំវត្តមានព្រឹត្តិការណ៍នៅលើទឹកដីនៃខេត្តសៀមរាប។ ទន្ទឹមនឹងនេះ គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺដើម្បីចូលរួមលើកស្ទួយមរតកវប្បធម៌អរូបី លើទីតាំងនៃមរតកវប្បធម៌រូបី ជាពិសេសបង្កើតនូវឱកាសជួបជុំ ផ្ដល់នូវបរិយាកាសសប្បាយរីករាយ ស្នាមញញឹម ដល់មហាគ្រួសារខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ៕

អត្ថបទដែលជាប់ទាក់ទង