អគាររោងចក្រកាត់ដេរយ៉ាក ជីន (ខេមបូឌា) អ៊ីន ត្រូវបានភ្លើងឆាបឆេះ បណ្ដាលមកពីហេតុការឆ្លងចរន្តអគ្គិសនី
ភ្នំពេញ ៖ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅក្នុងរោងចក្រកាត់ដេរយ៉ាក ជីន (ខេមបូឌា) អ៊ីន ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាកេរ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ បន្ទប់រដ្ឋបាលស្ថិតនៅជាន់ទី២ នៃអគាររោងចក្រកាត់ដេរយ៉ាក ជីន (ខេមបូឌា) អ៊ីន ត្រូវបានភ្លើងឆាបឆេះ បណ្ដាលមកពីហេតុការឆ្លងចរន្តអគ្គិសនី ហើយបានធ្វើឲ្យកម្មករនិយោជក និងអាជ្ញាធរមូលដ្ឋាន ភ័យព្រលឹងចុងសក់ និងបានហៅរថយន្តពន្លត់អគ្គិភ័យទៅកាន់ទីនោះភ្លាមៗផងដែរ ។ ប៉ុន្តែជាសំណាងល្អខ្លាំងណាស់ នៅក្នុងពេលភ្លើងកំពុងឆាបឆេះ បុគ្គលិករោងចក្រនោះបានយកបំពង់ពន្លត់ទៅបាញ់ពន្លត់ ដោយប្រើប្រាស់អស់ត្រឹម១០បំពង់ប៉ុណ្ណោះ ភ្លើងក៏បានរលត់ទៅវិញទាំងស្រុងមុនពេលរថយន្តពន្លត់អគ្គិភ័យទៅដល់បន្តិច ។
ដោយឡែក កម្មករជាច្រើនដែលបានចូលទៅដល់ក្នុងរោងចក្រមុនបានរត់ចេញក្រៅអគាររោងចក្រប្រសេចប្រសាច ប៉ុន្តែក្រោយពេលស្ងប់ស្ងាត់បានបន្តិចក៏ចូលទៅវិញ ហើយចូលបានមួយសន្ទុះបើកភ្លើងតាមឡាញការងារ ស្រាប់តែមានការឆ្លងចរន្តអគ្គិនីជាលើកទី២ទៀត ។ ទើបកម្មករកម្មការិនីរត់ចេញក្រៅម្ដងទៀត ហើយខាងរោងចក្របានឲ្យកម្មករកម្មការិនីសម្រាក១ព្រឹកសិន ហើយពេលថ្ងៃនៃថ្ងៃដដែលនោះចូលធ្វើការជាធម្មតាវិញនេះបើតាមការប្រាប់ឲ្យដឹងពីកម្មករ និងសមត្ថកិច្ច ។
រោងចក្រនេះមានកម្មករកម្មការិនីបម្រើការងារជាង៣ពាន់នាក់ ហើយនៅមុនពេលកើតហេតុ ខណៈដែលកម្មករកម្មការិនីចូលទៅដល់ក្នុងរោងចក្របណ្ដើរៗទៅហើយ ជាងភ្លើងបានបើកកុងតាក់ភ្លើង ដើម្បីបំភ្លឺនៅក្នុងអគាររោងចក្រឲ្យកម្មករធ្វើការងារ ហើយគ្រាន់តែបើកភ្លាមក៏ស្រាប់តែឆ្លងចរន្តអគ្គិសនីនៅក្នុងបន្ទប់រដ្ឋបាលស្ថិតនៅជាន់ទី២ នៃអគាររោងចក្រនោះតែម្ដង ។
ពេលនោះ បង្កឲ្យមានផ្សែងហុយចេញពីក្នុងរោងចក្រនោះយ៉ាងខ្លាំងបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ហើយអាជ្ញាធរមូលដ្ឋានបានចេញទៅកាន់ទីនោះ និងបានផ្ដល់ព័ត៌មានដល់ក្រុមអ្នកពន្លត់អគ្គិភ័យជាបន្ទាន់ផងដែរ ។
សមត្ថកិច្ច ដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មករថយន្តពន្លត់អគ្គិភ័យរបស់កងពលតូចទ័ព ពិសេសឆ័ត្រយោងលេខ៩១១ ដែលមានទីតាំងស្ថិតនៅជិតនោះ ស្រាប់បានចេញទៅដល់ជាបន្តបន្ទាប់ ប៉ុន្តែពុំបានបាញ់ទឹកទេ ។ ដោយសារតែក្នុងពេលភ្លើងកំពុងឆាបឆេះបុគ្គលិករោងចក្របាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ក្រោយពីការប្រើប្រាស់អស់ចំនួន១០បំពង់ទើបភ្លើងរលត់ទៅវិញទាំងស្រុង ហើយបន្ទប់រដ្ឋបាលបានរងការខូចខាតយ៉ាងដំណំ ៕