ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាបេឡាមរណសង្គ្រោះ និងអំណោយសម្តេចធិបតី និងលោកជំទាវ ទៅឧបត្ថម្ភជូនគ្រួសារសពអតីតយុទ្ធជន នៅស្រុកកំពង់ស្វាយ
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវជូនគ្រួសារសពអតីតយុទ្ធជនពិការឈ្មោះ គង់ រ៉េម ឋានន្តរសក្តិ ពលបាលទោ អតីតនៅអង្គភាពវរសេនាតូចលេខ ៥៥ ដែលបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៧៣ឆ្នាំ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិពាមក្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាសន្ទុក និងអាជ្ញាធរដែនដី បានថ្លែងនូវការសោកស្ដាយអាឡោះ អាល័យ និងបានគោរពបួងសួងដល់វិញ្ញាណក្ខន្ធលោក គង់ រ៉េម ដែលបានទទួលមរណភាពនាពេលកន្លងទៅ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ។
ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីបុណ្យសពយ៉ាងច្រើនកុះករនៅពេលនេះ ។
នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ជូនក្រុមគ្រួសារសព ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារសព រួមមាន អង្ករចំនួន៥០ គីឡូក្រាម មីជាតិចំនួន២កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន២យួរ ផងដែរ ។
ក្រុមគ្រួសារសពអតីតយុទ្ធជន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់បម្រើបងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ ដោយអស់ពីចិត្តពីថ្លើម និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងឯកឧត្តម អស់លោកទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕