បំភ្លឺពាក់ព័ន្ធទៅនឹងការផ្សាយថា បុគ្គលិកខ្មែរបម្រើការនៅកាស៊ីណូ «Gold City» ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់១៥,០០០ដុល្លារ

(ក្រចេះ)៖ អធិការដ្ឋាននគរបាលស្រុកស្នួល នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញបំភ្លឺពាក់ព័ន្ធទៅនឹងករណី «បុគ្គលិកខ្មែរបម្រើការនៅកាស៊ីណូ Gold City ក្នុងស្រុកស្នួល ត្រូវជនជាតិចិនចាប់បង្ខាំងធ្វើទារុណកម្ម និងជំរិត ទារប្រាក់១៥,០០០ដុល្លារ»។
អធិការដ្ឋាននគរបាលស្រុកស្នួល បានបញ្ជាក់ថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ មានឈ្មោះ ខ.ស. បានប្តឹងរាយការណ៍មកសមត្ថកិច្ចជំនាញពាក់ព័ន្ធ ទៅនឹងករណីមានការចាប់បង្ខាំងមនុស្ស និងប្រើអំពើហិង្សា នៅចំណុចកាស៊ីណូ Gold City។
ក្រោយពីទទួលបានព័ត៌មាននេះ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត បានបញ្ជាមកអធិការដ្ឋាននគរបាលស្រុកស្នួល ចុះស្រាវជ្រាវបន្ទាន់ ដោយសហការជាមួយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ និងជាលទ្ធផលបានរកឃើញមានជនរងគ្រោះចំនួន០៣នាក់ ដែលត្រូវបានមេការធ្វើការឃាត់ទុក។
តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះទាំង៣នាក់ខាងលើ, មុនពេលកើតហេតុនាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ពួកគេត្រូវបានឈ្មោះ ធ.ប. បបួលធ្វើការរៀបចំគម្រោងធ្វើបៀរឱ្យភ្ញៀវឈ្នះលុយពីខាងកាស៊ីណូ ហើយពេលដែល ភ្ញៀវលេងឈ្នះ ពួកគេនឹងទទួលបានលុយភាគរយពីភ្ញៀវ ពេលនោះពួកគេទាំង៣នាក់ ក៏បានយល់ព្រមសហការ។
រហូតដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឈ្មោះ ធ.ប. ក៏បានធ្វើការចែកលុយដែលជាភាគរយដែលភ្ញៀវបានឈ្នះពីកាស៊ីណូមកឱ្យពួកគេទាំង៣នាក់ ដោយក្នុងម្នាក់ទទួលបានលុយចំនួន ៨០០ដុល្លារ ហើយឈ្មោះ ធ.ប. បានគេចខ្លួនមិនឃើញមកធ្វើការ។
លុះដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គម្រោងដែលខ្លួនបានរៀបចំត្រូវបានបែកធ្លាយព័ត៌មានដល់ខាងកាស៊ីណូ និងមានជនជាតិចិនចំនួន៤នាក់ ដែលជាមេការ បានមកសួរនាំដល់បន្ទប់ជួលដោយប្រើហិង្សា និងបាននាំពួកគេទាំង៣នាក់ មកឃាត់ទុកក្នុង បន្ទប់រដ្ឋបាលកាស៊ីណូ Gold City។
ចំពោះជនជាតិចិនទាំង៤នាក់ ដែលជាមេការ បានគេចខ្លួនបាត់។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្នួល កំពុងស្រាវជ្រាវ និងស្វែងរកចាប់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង