រដ្ឋបាលខេត្តតាកែវ ចុះពិនិត្យមើលទីតាំងត្រៀមប្រារព្ធពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ

ភ្នំពេញ៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញអមដំណើរឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ព្រមទាំងគណៈប្រតិភូចម្រុះ ចុះពិនិត្យមើលទីតាំងផ្ទាល់ នៅសួនច្បារមាត់បឹងតាកែវ សម្រាប់ត្រៀមរៀបចំអបអរសាទរពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ ២០២៥ ប្រារព្ធធ្វើឡើងនៅខេត្តតាកែវ នាថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៥ ឆាប់ៗខាងមុខនេះ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ។
ឯកឧត្តម សន្តិបណ្ឌិត យូ ស៊ុនឡុង ក៏បានធ្វើការណែនាំទៅដល់ជំនាញពាក់ព័ន្ធ ត្រូវតែបង្កើនការការពារ សន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលដែលលោកនឹងអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី០៩ដែលខេត្តតាកែវធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ ធ្វើយ៉ាងណាឱ្យកម្មវិធីនៃពិធីបុណ្យទន្លេនេះ ប្រព្រឹត្តទៅដោយរលូន និងធានាបានថា ពុំមានអ្វីកើតឡើងជាយថាហេតុដាច់ខាត ។
ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានលើកឡើងថា ខេត្តតាកែវ ជាខេត្តដែលមានសន្តានុពលមួយ ដែលសំបូរទៅដោយប្រាង្គប្រាសាទ តំបន់ទេសចរណ៍ ប្រវត្តិសាស្រ្ត មានតំបន់រមណីដ្ឋានទេសចរណ៍ធម្មជាតិ សិប្បកម្មតម្បាយសូត្រ ហូលផាមួង និងក្រមា ដែរអមដោយ ដំណាំកសិកម្ម ដំណាំស្រូវ និងធនធានធម្មជាតិពិសេសៗជាច្រើន រួមមាន បង្កងធម្មជាតិទឹកសាបដែលមានរស់ជាតិឈ្ងុយឆ្ងាញ់ ពងទាកូនស្រែរនោងដែលល្បីល្បាយទូទាំងប្រទេស បានធ្វើឱ្យតាកែវក្លាយជាតំបន់ ដ៏ទាក់ទាញសម្រាប់ទេសចរណ៍។
សូមជម្រាបជូនដែរថា បើតាមក្រសួងទេសចរណ៍ «ពិធីបុណ្យទន្លេ» ត្រូវបានរៀបចំឡើង តាំងពីឆ្នាំ២០១៥ ដើម្បីជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅកាន់ខេត្តនៅដងទន្លេ នៃប្រទេសកម្ពុជា និងដើម្បីជំរុញ ឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរឡើង។ កន្លងមកព្រឹត្តិការណ៍នេះ បានធ្វើឡើងតាមបណ្ដាខេត្ត ជាច្រើន ហើយ ដោយចេញពីខេត្តក្រចេះ ឆ្នាំ២០១៥, ស្ទឹងត្រែង ឆ្នាំ២០១៦, កំពង់ចាម និងត្បូងឃ្មុំ ឆ្នាំ២០១៧, កណ្ដាល ឆ្នាំ ២០១៨, កំពង់ឆ្នាំង ឆ្នាំ២០១៩, បាត់ដំបង ឆ្នាំ២០២០។ តែព្រឹត្តិការណ៍ត្រូវបានផ្អាក នៅឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយសារជួបវិបត្តិនៃជំងឺកូវីដ-១៩។ លុះដល់ឆ្នាំ២០២៣ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងវិញនៅខេត្តកំពង់ធំ និងឆ្នាំ២០២៤នៅខេត្តសៀមរាប៕\

អត្ថបទដែលជាប់ទាក់ទង