រដ្ឋមន្រ្តី ឈាង រ៉ា ៖ ការប្រើប្រាស់ផលិតផលឱសថប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព មិនត្រឹមតែជួយគាំទ្រដល់សុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធសុខាភិបាល និងការការពារផ្នែកហិរញ្ញវត្ថុ
ភ្នំពេញ៖ នៅថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីផលិតផលឱសថ គឺដើម្បីប្រមូលយោបល់ និងធាតុចូលពីភាគីពាក់ព័ន្ធ ព្រមទាំងកំណត់អំពីផលប៉ះពាល់ និងអត្ថប្រយោជន៍ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម សំដៅធានាថាច្បាប់នេះអាចឆ្លើយតបទៅនឹងបញ្ហា និងតម្រូវការជាក់ស្តែង ចំពោះការគ្រប់គ្រងផលិតផលឱសថ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចការពារផលប្រយោជន៍សុខភាពសាធារណៈ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកគូសរំលេចថា គោលនយោបាយឱសថ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានណែនាំជាលើកដំបូងក្នុងឆ្នាំ១៩៩៥ និងត្រូវបានធ្វើបច្ចុប្បន្នភាព ក្នុងឆ្នាំ ២០១០ ដែលផ្តល់នូវការណែនាំស្តីពីការធានាឱ្យប្រជាជនគ្រប់រូប ទទួលបាននូវផលិតផលឱសថដែលមានតំលៃសមរម្យ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពគ្រប់គ្រាន់។ ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ឱសថ គឺច្បាប់ស្តីពីការគ្រប់គ្រងឱសថ ត្រូវបានអនុម័តដំបូងក្នុងឆ្នាំ១៩៩៦ និងធ្វើវិសោធនកម្មក្នុងឆ្នាំ ២០០៧ ដែលតម្រូវឱ្យក្រសួងសុខាភិបាលរៀបចំសេក្តីព្រាងច្បាប់ស្តីពីផលិតផលឱសថថ្មីនេះ ឱ្យស្របតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។ ការធានាបាននូវផលិតផលឱសថមានគុណភាព និងប្រសិទ្ធភាព ក៏ជាកត្តាចម្បង ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ការការពារប្រឆាំងនឹងការគំរាមកំហែងសុខភាពសាធារណៈ ទប់ស្កាត់ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ និងរួមចំណែកដល់ការត្រៀមខ្លួនជានិច្ច ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ន នៃសុខភាពសាធារណៈ។
ក្របខណ្ឌនីតិប្បញ្ញត្តិដ៏រឹងមាំក៏រួមចំណែកដល់សេដ្ឋកិច្ចជាតិ អនុញ្ញាតឱ្យមានការអភិវឌ្ឍ និងកំណើនឧស្សាហកម្មក្នុងស្រុកប្រកបដោយគុណភាព ក៏ដូចជាការធានាបាននូវផលប្រយោជន៍អ្នកវិនិយោគ និងប្រជាជនទូទៅ។ ដើម្បីសម្រេចបាននូវចំណុចនេះ ច្បាប់ និងបទប្បញ្ញត្តិ ត្រូវមានភាពទូលំទូលាយ ច្បាស់លាស់ និងគាំទ្រគ្នាទៅវិញទៅមកក្នុងនិងក្រៅវិស័យសុខាភិបាល ស្របតាមគោលនយោបាយគ្រប់គ្រងឱសថក្នុងតំបន់អាស៊ានផងដែរ។ ការលើកកំពស់គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពផលិតផលឱសថ ក៏ដូចជាការឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងបន្លំ និងអន់គុណភាព ត្រូវមានច្បាប់ និងបទបញ្ញត្តិគ្រប់ជ្រុងជ្រោយ និងមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលមានសមត្ថភាព ដើម្បីធានាថាការផលិត ការធ្វើពាណិជ្ជកម្ម និងការប្រើប្រាស់ផលិតផលឱសថត្រូវបានអនុវត្តត្រឹមត្រូវ ក្នុងគោលដៅឱ្យសាធារណជនទទួលបាននូវផលិតផលឱសថដែលមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ព្រមទាំងទទួលបានព័ត៌មានត្រឹមត្រូវ ស្តីពីផលិតផលឱសថ។
ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលារនេះ នឹងពិភាក្សាគ្នាឱ្យបានផុសផុល ផ្តល់គំនិត និងយោបល់គ្រប់ជ្រុងជ្រោយ ចូលរួមធ្វើឱ្យសេចក្តីព្រាងច្បាប់ថ្មីនេះ ស្របតាមស្ថានភាពជាក់ស្តែង និងអាចអនុវត្តបាន ដើម្បីលើកកម្ពស់វិស័យសុខាភិបាលឱ្យកាន់តែរីកចំរើន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៅជ្រុងទី៣ នៃយុទ្ធសាស្រ្តបញ្ចកោណទី១ ដែលបានផ្តោតលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដោយឈរលើគោលជំហរ “សុខាភិបាលមិនមែនសម្រាប់តែទទួលព្យាបាលអ្នកឈឺនោះទេ សុខាភិបាលគឺសម្រាប់ថែរក្សានូវសុខភាពប្រជាជនយើងមិនឱ្យឈឺផងដែរ”។
សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិតតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា (WHO) ព្រមទាំងតំណាងអង្គភាពនានាក្រោមឱវាទក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិ វិទ្យាស្ថានជាតិ គណៈវិជ្ជាជីវៈទាំង៥ សមាគមពាក់ព័ន្ធ វិស័យឯកជនពាក់ព័ន្ធ និងចូលរួមតាមប្រព័ន្ធ Zoom ដោយមន្ទីរសុខាភិបាលខេត្ត តំណាងអាជ្ញាធរគ្រប់គ្រងឱសថប្រទេសអូស្រ្តាលី (TGA) និងតំណាងអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច ៕