សេចក្តីបំភ្លឺព័ត៌មាន! អធិការដ្ឋាននគរបាលស្រុកបាណន់ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា….

សេចក្តីបំភ្លឺព័ត៌មាន៖
អធិការដ្ឋាននគរបាលស្រុកបាណន់ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា កាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២៥ ពិនិត្យឃើញគណនី ហ្វេសប៊ុកឈ្មោះស៊ម អ្នកលេងចិត្តជា ស៊មអ្នកលេងចិត្តជា ដែលបានបង្ហោះវីដេអូនិយាយថានគរបាលអោយគេលេងល្បែងភ្នាល់មាន់ជល់ចាប់ដើម្បីយកម៉ូតូ និងលួសយកលុយ នៅស្រុកបាណន់ ។
អធិការដ្ឋាននគរបាលស្រុកបាណន់ សូមធ្វើការបដិសេធចោលទាំងស្រុង ចំពោះពាក្យសំដីដែលនិយាយប្រាសចាកនូវការពិត គ្មានមូលដ្ឋានត្រឹមត្រូវ បង្កឱ្យមានការភាន់ច្រឡំពីមជ្ឈដ្ឋានមហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម។
សូមជម្រាបសាធារណជន បានជ្រាបថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៥ និង ៥០នាទី កម្លាំងនគរបាលស្រុកបាណន់ បានចុះបង្ក្រាបល្បែងស៊ីសង(ជល់មាន់)នៅចំណុចទួលធ្នង់ ស្ថិតក្នុងភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង និងនាំខ្លួនបានមនុស្សចំនួន ០៦នាក់ រួមនិងវត្ថុតាងមួយចំនួន ផង និងបានរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់រួចរាល់ហើយ ពុំមែនដូចអ្វីដែលម្ចាស់គណនី ហ្វេសប៊ុកខាងលើលើកឡើងនោះឡើយ ។
នៅពេលនេះ ស្នើឱ្យម្ចាស់គណនីខាងលើ កែតម្រូវឡើងវិញជាបន្ទាន់ចំពោះការផ្សព្វផ្សាយនូវព័ត៌មានមិនពិត
បង្កឱ្យមានការភាន់ច្រឡំពីមហាជនទូទៅ ហើយសមត្ថកិច្ចកំពុងស្វែងរកម្ចាស់គណនីខាងលើដើម្បីធ្វើការសាកសួរនិងបំភ្លឺចំពោះការចោទប្រកាន់នេះ ។
សូមជម្រាបជូនថា គ្រប់បញ្ហាទាំងអស់ទាក់ទងនឹងការងារសន្តិសុខនៅក្នុងមូលដ្ឋានស្រុក សមត្ថកិច្ចនគរបាលមិនព្រងើយ កន្តើយឬមិនយកចិត្តទុកដាក់នោះឡើយ សមត្ថកិច្ចតែងតែទទួលយកនូវមតិយោបល់ ដើម្បីពិនិត្យនិងមានវិធានការទាន់ពេលវេលា។
ដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នក សារព័ត៌មានអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រឡំ សូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង