អ៊ុយក្រែន ត្រៀមខ្លួន ក្នុងការទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ “បទឈប់បាញ់ បណ្តោះអាសន្នរយៈពេល ៣០ ថ្ងៃ”

បរទេស៖ យោងតាមសេចក្តីថ្លែងការណ៍រួមមួយ បានបញ្ជាក់ថា អ៊ុយក្រែន បានបង្ហាញពីការត្រៀមខ្លួន របស់ខ្លួន ក្នុងការទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ “បទឈប់បាញ់ បណ្តោះអាសន្នរយៈពេល ៣០ ថ្ងៃជាបន្ទាន់” បន្ទាប់ពីកិច្ចពិភាក្សាជាមួយ គណៈប្រតិភូសហរដ្ឋអាមេរិកនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។
សេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សា ជាច្រើនម៉ោងរវាងមន្ត្រីជាន់ខ្ពស់ នៃប្រទេសទាំងពីរបានឲ្យដឹងថា បទឈប់បាញ់អាចត្រូវបាន បន្តដោយកិច្ចព្រមព្រៀង ទៅវិញទៅមក ដោយបន្ថែមថា “សហរដ្ឋអាមេរិក នឹងទាក់ទងទៅរុស្ស៊ីថា បដិវត្តន៍រុស្ស៊ី គឺជាគន្លឹះក្នុងការសម្រេចបានសន្តិភាព” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ទីក្រុងវ៉ាស៊ីនតោន បានយល់ព្រម “លុបចោលការផ្អាកភ្លាមៗលើការចែករំលែកព័ត៌មានសម្ងាត់ និងបន្តជំនួយសន្តិសុខ ដល់អ៊ុយក្រែន” ដោយបន្ថែមថាភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងសង្គ្រោះមនុស្សធម៌ ជាពិសេសក្នុងអំឡុង ពេលបទឈប់បាញ់។
អ្នកចរចាក៏បានព្រមព្រៀងតែងតាំងក្រុម ដើម្បីចាប់ផ្តើមការចរចាក្នុងគោលបំណងឈានដល់សន្តិភាពយូរអង្វែង។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា សហរដ្ឋអាមេរិកបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមជាមួយតំណាងរុស្ស៊ី ខណៈដែលអ៊ុយក្រែន បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ដៃគូអឺរ៉ុប ដើម្បីចូលរួមនៅក្នុងដំណើរការនេះ។
បន្ថែមពីលើនេះ មេដឹកនាំនៃប្រទេសទាំងពីរបានយល់ព្រមបញ្ចប់ “ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាននូវកិច្ចព្រមព្រៀង ទូលំទូលាយសម្រាប់ការអភិវឌ្ឍធនធានរ៉ែ ដ៏សំខាន់របស់អ៊ុយក្រែន ដើម្បីពង្រីកសេដ្ឋកិច្ចរបស់អ៊ុយក្រែន”៕

អត្ថបទដែលជាប់ទាក់ទង