ជនជាតិបរទេសម្នាក់ បេីករថយន្តព្រូសលឿន នៅផ្លូវកោងបួងមិនផុត ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើម

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ទីតាំងកើតហេតុស្ថិតនៅផ្លូវកោង លេខ១៩២៨ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនជាតិបរទេសម្នាក់បេីករថយន្តព្រូសលឿនខ្វះការប្រុងប្រយ័ត្ន នៅផ្លូវកោងបួងមិនផុត ជ្រុលទៅបុកបង្គោលភ្លើងបាក់អស់១ដើមរងការខូចខាត។

មុនពេលកើតហេតុ គេបានឃើញរថយន្ត តូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BT-4627 បើកបរដោយបុរសជនជាតិបរទេសម្នាក់ រួមដំណើរដោយជនបរទេស៧នាក់ទៀត ធ្វេីដំណេីរពីកើតទៅលិច តាមផ្លូវសម្ដេចជាសុីម លុះមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ រហូតជ្រុលទៅបុកបង្គោលភ្លើងមួយដើមទាំងកំរោល បណ្តាលឲ្យបាក់ទ្រេតបង្គោលភ្លើង។
ចំណែករថយន្តត្រូវបានរងការខូចខាតមួយកំណាត់មុខ មិនអាចបន្តដំណើរទៅមុខរួច ខណៈមនុស្សនៅក្នុងរថយន្ត រងរបួសធ្ងន់ស្រាល។
ក្រោយបង្ករួច គេឃើញជនបរទេសនៅក្នុងរថយន្ត បានហៅតាក់ស៉ីមកដឹកយកគ្នាទាំងអស់ ទៅព្យាបាលរបួសភ្លាមៗ បន្សល់ទុករថយន្តខាងលើនៅកន្លែងកើតហេតុ ។
សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង និងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តចូលខ្លួនទៅដោះស្រាយតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង