អង្គការយូណេស្កូ ចាប់អារម្មណ៍បន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងប្រើប្រាស់ AI ក្នុងវិស័យអប់រំ

ភ្នំពេញ៖ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ដឹកនាំដោយ ឯកឧត្តម Sardar Umar Alam ស្តីពី ក្របខ័ណ្ឌសមត្ថភាពបញ្ញាសិប្បនិម្មិតក្នុងវិស័យអប់រំ និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ក្នុងឱកាសនេះ ឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស្កូ បានអបអរសាទរ ចំពោះភាពជោគជ័យក្នុងការរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (EdTech Summit) របស់កម្ពុជា និងបានបង្ហាញពីចំណាប់អារម្មណ៍របស់អង្គការយូណេស្កូក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា និងប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ក្នុងវិស័យអប់រំ ព្រមទាំងបានលើកឡើងពីសក្តានុពលរបស់អង្គការយូណេស្កូ ដើម្បីជួយគាំទ្រវិស័យអប់រំលើចក្ខុវិស័យនេះ ក្នុងគោលដៅឱ្យគ្រូបង្រៀន និងសិស្សានុសិស្សសតវត្សទី២១ មានជំនាញ និងសមត្ថភាពឌីជីថលពេញលេញ ជាពិសេសអាចប្រើប្រាស់បច្ចេកវិទ្យា និង(AI) ឱ្យស្របតាមសីលធម៌នៃការប្រើប្រាស់ និងបង្កើនប្រសិទ្ធភាពក្នុងវិស័យអប់រំ សម្រាប់យុគសម័យឌីជីថលនេះ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់អង្គការយូណេស្កូ ដែលចូលរួមគាំទ្រក្នុងការរៀបចំ (Edtech Summit) លើកទី១ របស់ប្រទេសកម្ពុជានាពេលកន្លងទៅនេះ និងបានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់អង្គការក្នុងការបន្តកិច្ចសហការជាមួយក្រសួងអប់រំលើការប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត(AI) ក្នុងការរៀន និងបង្រៀន ដើម្បីពង្រឹងគុណភាពអប់រំ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីចក្ខុវិស័យរបស់ក្រសួងអប់រំ ដែលបានប្រើប្រាស់(AI) ដើម្បីលើកកម្ពស់វិស័យអប់រំ ដូចជា ការបណ្តុះបណ្តាលគ្រូ ដោយប្រើប្រាស់ AI ជួយគាំទ្រដល់ កញ្ចប់គណិតដំបូង អំណានដំបូង, បង្រៀនសិស្សឱ្យចេះគិត និងចេញស្រមើលស្រមៃ, ពង្រឹងអក្ខរកម្មឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យា, បង្កើតមាតិកា និងខ្លឹមសារមេរៀន ក៏ដូចជាពង្រឹងការអនុវត្តមុខវិជ្ជាថ្នាក់វិទ្យាសាស្ត្រ (STEM) ឱ្យកាន់មានភាពទូលំទូលាយជាដើម។
ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អង្គការយូណេស្កូ ឱ្យជួយគាំទ្រ និងចាប់ផ្តើមពង្រឹងពីចំណុចមួយចំនួនក្នុងវិស័យអប់រំ ដូចជាការបង្កើត និងត្រៀមរៀបចំបណ្ណាល័យឌីជីថល, ប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់តេស្ត(PISA)បន្ថែម ជាពិសេសសិក្សាពីតំបន់ ក៏ដូចជាកំណត់ក្របខ័ណ្ឌឱ្យបានច្បាស់លាស់ ដែលចាប់ផ្តើមពីការប្រើប្រាស់(AI) ដើម្បីជួយគាំទ្រលើការបណ្តុះបណ្តាលគ្រូបង្រៀននៅប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា ដើម្បីអភិវឌ្ឍវិស័យអប់រំ និងបញ្ញាសិប្បនិម្មិត(AI) ឱ្យមានប្រសិទ្ធភាព គ្រូបង្រៀនដែលចេញថ្មី ត្រូវតែមានសមត្ថភាពឌីជីថល ដូចជាការបង្កើតខ្លឹមសារមេរៀនឱ្យមានភាពទាក់ទាញ និងគុណភាពក្នុងរយៈពេលខ្លីជាដើម។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការយូណេស្កូ ដែលបានជួយគាំទ្រលើវិស័យអប់រំនាពេលកន្លងមក ជាពិសេសចំពោះការគាំទ្រលើការប្រើប្រាស់ (AI) ក្នុងវិស័យអប់រំនាពេលបច្ចុប្បន្ននេះ ដើម្បីឆ្លើយតបនឹងយុគសម័យឌីជីថល។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់ក្នុងការចាប់យកប្រព័ន្ធបញ្ញាសិប្បនិម្មិត(AI) លើការរៀន និងបង្រៀន ជាពិសេសនៅក្នុងកម្មវិធីសិក្សា និងមុខជំនាញនានា ដោយបានលើកឡើងថា (AI) នឹងធ្វើឱ្យពិភពលោកមានការប្រែប្រួល ជាពិសេសលើវិស័យអប់រំផ្ទាល់ ដូចនេះវិស័យអប់រំ ត្រូវតែត្រៀមខ្លួនរួចរាល់ចំពោះការផ្លាស់ប្តូរដ៏ធំនេះ៕

អត្ថបទដែលជាប់ទាក់ទង