អភិបាលខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំ ស្ដីពីការ ការពារសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្ដីពីការ ការពារសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរខាងមុខនេះ។
កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅ នៅសាលប្រជុំអគារ A សាលាខេត្ត នារសៀលថ្ងៃទី១២ ខែមីនាឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរង នៃគណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និងអភិបាលក្រុង ស្រុកទាំង៩ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
ឯកឧត្តម ញ៉ែម សំអឿន មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺផ្ដោតសំខាន់លើការងារ ការពារសន្តិសុខទាំងយប់ទាំងថ្ងៃ ពោលគឺការពារ២៤ម៉ោងលើ២៤ម៉ោង ចុះរៀបចំធ្វើសណ្ដាប់ ធ្នាប់ ជាប្រចាំដើម្បីឱ្យមានរបៀបរៀបរយល្អប្រសើរ ខណៈពេលចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហការជាមួយសមត្ថកិច្ច ត្រូវរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្ត រតនគិរី ឆ្នាំ២០២៥” ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅក្នុងបរិវេណមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ដូច្នេះហើយសូមឱ្យថ្នាក់ដឹនាំក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវត្រៀមរៀបចំធ្វើរោងកញ្ចុះតាមអង្គភាពរបស់ខ្លួន ដើម្បីមកដាក់តាំងនៅបវិវេណអង្គភាពរៀងៗខ្លួន។ហើយគ្រប់បណ្ដាអង្គភាពទាំងអស់ ចូលរួមសហការគ្នាជាមួយគណៈកម្មការអនាម័យ ដើម្បីរួមចំណែករក្សា ការពារនូវសន្តិសុខ សុវត្ថិភាព និង កែលម្អសោភណភាពក្នុងមណ្ឌលកម្សាន្តនានា និងការបង្ការទប់ស្កាត់គ្រោះអគ្គិភ័យផងដែរ ខណៈពេលនេះមានការឡើងកំដៅ ហើយគណៈកម្មការគ្រប់គ្រងពិធីបុណ្យ ស្នើឱ្យបងប្អូនអាជីវករទាំងអស់ គោរព និង អនុវត្តន៍តាមតាមការណែនាំ រួមមាន៖ ត្រូវចូលរួមសហការឱ្យបានល្អ ក្នុងការថែរក្សាអនាម័យ និង សម្អាតបរិស្ថាន។ ចូលរួមទប់ស្កាត់ឱ្យទាន់ពេលវេលា ជាមួយកម្លាំងសន្តិសុខ នូវរាល់សកម្មភាពរបស់ជនខិលខូច ដែលឆ្លៀតឱកាសប៉ុនប៉ងមកធ្វើសកម្មភាពមិនល្អនៅក្នុងទីកម្សាន្ត ធ្វើយ៉ាងណាអោយព្រឹត្តិការណ៍ សង្រ្កាន្ត រតនគិរី២០២៥ទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើន និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នឹងត្រូវរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឲ្យបានកាន់តែល្អប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង