សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទូតរស្ស៊ីថា មានតែការចរចាទេ ទើបអាចបញ្ចប់សង្គ្រាមបានឆាប់

(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអនុញ្ញាតឱ្យ Anatoly Borovik ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានព្រឹទ្ធសភា។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ដែលនេះជាជំនួបលើកទី២ក្នុងពេលសម្ដេចតេជោធ្វើជាប្រធានព្រឹទ្ធសភា។ លើកទី១ ធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំ២០២៤។
សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពល្អប្រសើរ ជាទំនាក់ទំនងយូរអង្វែង ហើយក្នុងអាណត្តិការងាររបស់លោកឯកអគ្គរដ្ឋទូត បានរួមចំណែកដល់ការអភិវឌ្ឍន៍នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានកាន់តែល្អប្រសើរ។
លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាបានសម្តែងការអរគុណសម្តេចតេជោដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បានជួបសម្ដែងការគួរសមនៅពេលនេះ។ លោកឯកអគ្គរដ្ឋទូត បានរំលេចអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងរុស្ស៊ី ដែលបានភ្ជាប់ទំនាក់ទំនងគ្នាបានយូរអង្វែង ហើយជាទំនាក់ទំនងដែលទុកចិត្តគ្នា។ លោកឯកអគ្គរដ្ឋទូត ក៏បានរំលេចទៀតថា ក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៦ខាងមុខនោះ ប្រទេសទាំងពីរ ជាពិសេសប្រទេសរុស្ស៊ីបានត្រៀមខ្លួនជាស្រេចធ្វើការងារជាមួយភាគីកម្ពុជា ពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូតបញ្ជាក់ទៀតថា ទំនាក់ទំនងល្អរវាងកម្ពុជា និងរុស្ស៊ី មិនត្រឹមតែនីតិប្រតិបត្តិទេ នីតិបញ្ញត្តិរវាងប្រទេសទាំងពីរក៏មានភាពល្អផងដែរ។ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងសភាសហព័ន្ធរុស្ស៊ី ជាមួយព្រឹទ្ធសភាកម្ពុជា ដែលមានភាពល្អប្រសើរជាបន្តបន្ទាប់ដែលធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែមានភាពរឹងមាំ។ លោកសង្ឃឹមថា ភាគីយើងទាំងពីរ នឹងបន្តការខិតខំដើម្បីពង្រឹងទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកឯកអគ្គរដ្ឋទូត ក៏បានរំលេចអំពីទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកាន់អំណាចនៃប្រទេសរុស្សីផងដែរ ក្នុងការភ្ជាប់ទំនាក់ទំនងគ្នាបន្ថែមទៀតរវាងបក្ស និងបក្ស។ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីវិស័យសេដ្ឋកិច្ច ដែលពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន២៩លានដុល្លារ។ លោកក៏បាន រំលេចអំពីអ្វីដែលរុស្ស៊ីធ្លាប់ជួយដល់កម្ពុជាដែរ ដោយរុស្សីធ្លាប់ជួយទាំងវិស័យអប់រំ ក្រោយពីរបបប្រល័យពូជសាសន៍មក រុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសរុស្សីជាបន្តបន្ទាប់ ដែលមកដល់ពេលនេះមានជាង៨ពាន់នាក់ ដែលជាមោទនភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ ក្នុងនោះក៏មានវិស័យវប្បធម៌ផងដែរ ហើយនៅខួបទី៧០ឆ្នាំខាងមុខនេះ វិស័យនីតិបញ្ញត្តិ ក៏ត្រៀមរៀបចំធ្វើការជាមួយគ្នាផងដែរ។ ជាមួយគ្នានោះ ប្រទេសទាំងពីរក៏មានវិស័យយោធា ព្រមទាំងវិស័យដទៃទៀតដែលរុស្ស៊ីកំពុងខិតខំប្រឹងប្រែងធ្វើនៅកម្ពុជា។
នាឱកាសនោះ លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងពីស្ថានភាពតំបន់ បញ្ហាស្ថានភាពពិភពលោក ជាមួយសម្ដេចតេជោផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពីទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងរុស្សី ហើយសម្ដេចក៏បានអរគុណដែលលោកឯកអគ្គរដ្ឋទូតរុស្ស៊ី បានលើកឡើងអំពីការផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជានាពេលកន្លងមក ដែលជារឿងមិនអាចប្រកែកបាននូវគុណតម្លៃរបស់រុស្ស៊ី តាំងពីនៅជាអតីតសហភាពសូវៀត ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឱ្យក្លាយជាមូលធនមនុស្ស ដែលបានបម្រើការងារក្នុងស្ថាប័នសំខាន់ៗ នៅពេលបច្ចុប្បន្ន។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា ទំនាក់ទំនងនីតិបញ្ញត្តិរវាងប្រទេសទាំងពីរ ដែលស្ថាប័នព្រឹទ្ធសភាកម្ពុជា និងរដ្ឋសភារុស្ស៊ី ដែលបានខិតខំប្រឹងប្រែង ជំរុញឱ្យទំនាក់ទំនងក្នុងស្ថាប័ននេះ មានភាពរីកចម្រើន។
ទាក់ទងទៅនឹងទំនាក់ទំនងបក្សវិញ សម្ដេចតេជោក៏បានជំរុញឲ្យមានការភ្ជាប់គណបក្ស នៃប្រទេសទាំងពីរ ហើយសម្ដេចតេជោក៏មានបំណងអញ្ជើញលោក ឌីមីទ្រីមេដវេដេវ ដែលជាប្រធានគណបក្សកាន់អំណាចនៅរុស្ស៊ី អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាតាមពេលវេលាណាមួយខាងមុខ។
សម្ដេចតេជោបានមានប្រសាសន៍ពីសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយលោកឯកអគ្គរដ្ឋទូតរុស្សីប្រចាំកម្ពុជា ដោយសម្ដេចតេជោ ចង់ឃើញសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរ មានការកើនឡើងដែរ។ បច្ចុប្បន្ននេះមានតែ២៩លានដុល្លារទេ ដែលមិនទាន់សមស្របទៅនឹងសក្តានុពលសេដ្ឋកិច្ច ឬទំនាក់ទំនងនយោបាយ នៃប្រទេសទាំងពីរនៅឡើយទេ ដែលភាគីទាំងពីរគួរតែធ្វើការមួយគ្នាបន្ថែមទៀត ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។
ពាក់ព័ន្ធទៅនឹងបញ្ហាតំបន់ និងពិភពលោកសម្ដេចតេជោសង្ឃឹមថា ការចរចារវាងភាគីពាក់ព័ន្ធ នឹងឈានទៅដល់ដំណោះស្រាយរហូតដល់បញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឆាប់។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា មានតែការចរចាតែប៉ុណ្ណោះដែលអាចបញ្ចប់សង្គ្រាមបាន។

ជាចុងក្រោយ សម្រេចតេជោ ហ៊ុន សែន បានជូនពរលោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា ឱ្យទទួលបាននូវភាពជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង