ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ណែនាំឲ្យបន្ដពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដោយឈរលើគោលការណ៍ «៣កុំ និង១រាយការណ៍»

(ភ្នំពេញ)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ បានណែនាំដល់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន ដោយឈរលើគោលការណ៍ «៣កុំ និង១រាយការណ៍»។
ក្នុងឱកាសអញ្ជើញអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបញ្ជាក់ថា គោលការណ៍ «៣កុំ និង១រាយការណ៍» គឺ «កុំពាក់ព័ន្ធ កុំអន្ដរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍»។
ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានក្រើនរំលឹកទៀតថា នៅក្រសួង ស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តអនុវត្តបទបញ្ជារាជរដ្ឋាភិបាលលេខ០១បប «គោលការណ៍សម្អាតចកចេញពីបឹង និងរក្សាផ្ទៃបឹងឲ្យស្អាតជាប្រចាំ» ដោយត្រូវត្រួតពិនិត្យធ្វើតេស្តជាប់ជាប្រចាំ និងមានវិធានការម៉ឺងម៉ាត់ ដោយត្រូវបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងចំពោះមន្ត្រី ដែលធ្វើតេស្តលទ្ធផលវិជ្ជមានគ្រឿងញៀន។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ ក៏បានជំរុញរដ្ឋបាលខេត្តដែលជាប់ព្រំដែន និងគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ត្រូវមានភាពបុរេសកម្ម និងពង្រឹងការត្រួតពិនិត្យឲ្យបានដិតដល់ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតករណីនាំចូលគ្រឿងញៀន តាមផ្លូវគោក អាកាស ទឹក និងបញ្ញើប្រៃសណីយ៍។
ជាមួយគ្នានេះ លោកសន្ដិបណ្ឌិត នេត សាវឿន ក៏បានកោតសរសើរជូនចំពោះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលកន្លងមកបានដឹកនាំមុតស្រួចលើការងារ អនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ហើយលោកស្នើបន្ថែមដល់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងគណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវបន្តពង្រឹងនិងពង្រីកសមត្ថភាព ខិតខំស្រាវជ្រាវ ស៊ើបអង្កេត បើកការតស៊ូករណី បង្ក្រាបឲ្យដល់ ឫសគល់និងមេក្លោង ព្រមទាំងពន្លាតដល់បទល្មើសសម្អាតប្រាក់។
បន្ថែមពីនេះ លោកក៏បានវាយតម្លៃខ្ពស់ ជូនចំពោះលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ដែលបានចាត់វិធានការម៉ឺងម៉ាត់ និងតឹងរ៉ឹងជាទីបំផុត ពាក់ព័ន្ធដល់ចំណាត់ការលើសំណុំរឿងគ្រឿងញៀននាពេលកន្លងមក រួមទាំងការចេញសេចក្ដីប្រកាសព័ត៌មានជាសាធារណៈអំពីរាល់ ដំណើរការនៃការជំនុំជម្រះ និងផ្តន្ទាទោសបទល្មើសគ្រឿងញៀន។
លើសពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជំរុញប្ដលើកកម្ពស់ការផ្សព្វផ្សាយ និងអប់រំ អំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ឲ្យចំគោលដៅដែលងាយរងហានិភ័យ និងឲ្យសមស្រប មានប្រសិទ្ធភាពតាម និន្នាការសង្គមបច្ចុប្បន្ន។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវរៀបចំចងក្រងខ្លឹមសារដែលមានសារៈសំខាន់ និងទាន់ស្ថានការណ៍សកលដើម្បីជាមូលដ្ឋាន ផ្សព្វផ្សាយ, ហើយក្រសួងពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការ និងសាសនា ក្រសួងទេសចរណ៍ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវផ្តល់កិច្ចសហការរួមគ្នា ដើម្បីផលិត និងផ្សព្វផ្សាយឲ្យបានទូលាយ។
ឆ្លងកាត់សន្និបាតរយៈពេលពេញមួយថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆ្នាំ២០២៥ នឹងបន្តទទួលបានសមិទ្ធផលផ្លែផ្កាបន្ថែមទៀត ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការការពារ សុខុមាលភាពរបស់ពលរដ្ឋ និងការកសាងសង្គមមួយដែលមានសន្តិសុខ សុខសុវត្ថិភាព និងភាពសុខុដុមរមនា៕

អត្ថបទដែលជាប់ទាក់ទង