ភ្លៀងកក់ខែមួយមេយ៉ាងខ្លាំង បង្កឲ្យមានខ្យល់កន្ត្រាក់វាយប្រហារយ៉ាងធ្ងន់ធ្ងរ ប៉ះទង្កិចទៅលើភូមិចំនួន០៣ ក្នុងឃុំអូរដំបង១ ស្រុកសង្កែ
ខេត្តបាត់ដំបង ៖ ភ្លៀងកក់ខែមួយមេយ៉ាងខ្លាំង បង្កឲ្យមានខ្យល់កន្ត្រាក់វាយប្រហារយ៉ាងធ្ងន់ធ្ងរប៉ះទង្កិចទៅលើភូមិចំនួន០៣ ក្នុងឃុំអូរដំបង១ ស្រុកសង្កែ កាលពីរសៀលថ្ងៃទី១២ មីនា ឆ្នំា២០២៥ ដែលធ្វើឱ្យខូចខាតលំនៅឋានប្រជាពលរដ្ឋអស់ជាង៥០ខ្នង តែពុំមានសេចក្ដីរាយការណ៍គ្រោះថ្នាក់ដល់មនុស្សទេ ។
របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ភូមិចំនួន០៣ ក្នុងឃុំអូរដំបង១ ត្រូវបានប៉ះទង្គិចដោយគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរនារដូចប្រាំងនេះ ។ ភូមិទាំង០៣នោះមាន៖ ១-ភូមិអូរស្រឡៅ ខូចខាតផ្ទះអស់ចំនួន៣៧ខ្នង ។ ២-ភូមិអូរខ្ជាយ ខូចខាតផ្ទះអស់ចំនួន០៦ខ្នង និង៣-ភូមិវត្តចែង ខូចខាតផ្ទះអស់ចំនួន១១ខ្នង ។
បើតាមរបាយការណ៍ដដែលលំនៅឋានដែលរងការខូចខាតដោយសារគ្រោះធម្មជាតិនេះ ភាគច្រើនរបើកដំបូលដែលមានសរុបចនួន៥៤ខ្នង ។ ប៉ុន្តែរបាយការណ៍ពុំមាននិយាយពីគ្រោះថ្នាក់មនុស្ស សត្វ ឬប៉ះពាល់ផលដំណាំទេ ។ អ្នកភូមិអូរស្រឡៅបាននិយាយថា ដំបូងមានធ្លាក់ភ្លៀងខ្លាំងគូរសមដែរ តែបន្តិចក្រោយមក ស្រាប់តែមានខ្យល់បោកបត់ខ្លាំង រហូតបង្កើនជាខ្យល់កន្ត្រាក់វាយប្រហារយ៉ាងខ្លាំង ប៉ះទៅលើលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន០៣ភូមិខាងលើនេះ ។
ប្រភពដដែលបានបញ្ជាក់ថា លំនៅឋានភាគច្រើនរបើកដំបូលស័ង្កសី តែក៏មានលំនៅឋានខ្លះក៏ដួលរលំទាំងស្រុងដែរ ប៉ុន្តែពុំមានគ្រោះថ្នាក់មនុស្សទេ ។ ប្រជាពលរដ្ឋនៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង បានជួបប្រទះនឹងគ្រោះធម្មជាតិបែបនេះប៉ុន្មានលើកកន្លងមកហើយ នាប៉ុន្មានសប្ដាហ៍មុននេះ។
ខ្យល់ព្យុះរដូវប្រាំង ដែលលាយឡំជាមួយនឹងភ្លៀងធ្លាក់រាយប៉ាយស្ទើរគ្រប់ទីកន្លែងផង បានបំភ្លេចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋអស់រាប់សិបខ្នង រួមទាំងវត្តអារ៉ាមផងដែរ តែមិនទាន់មានសេចក្ដីរាយការណ៍អំពីគ្រោះថ្នាក់ដល់មនុស្ស សត្វ ឬប៉ះពាល់ផលដំណាំនៅឡើយទេ ៕