អភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រសួងផែនការ ផ្សព្វផ្សាយពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ«ការយល់ដឹងអំពីសារៈសំខាន់ ការប្រើប្រាស់អំបិលអ៊ីយ៉ូដ»

បន្ទាយមានជ័យ ៖ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត តំណាង ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត និងលោក ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ ក្រសួងផែនការ អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ “ការយល់ដឹងអំពីសារៈសំខាន់ ការប្រើប្រាស់អំបិលអ៊ីយ៉ូដ ” និងពង្រឹងការអនុវត្តខ្លឹមសារ អនុក្រឹត្យ លេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវកម្ម អំបិលអ៊ីយ៉ូដ នៅខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមលោក-លោកស្រី ប្រតិភូក្រសួងផែនការ មន្ទីរ អង្គ ភាពស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ ផលិតករ អាជីវករ អំបិល បានចូលរួម ប្រារព្ធ ធ្វើឡើង នៅសាល ប្រជុំ ក សាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៥។
ក្នុងនាមរដ្ឋបាលខេត្ត លោក ឈឿន ក្រៃយ៉ុង អភិបាលរង នៃគណៈអភិបាលខេត្ត ក៏បាន ថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីខាងលើនេះ តាមរយៈអនុ គណៈកម្មការជាតិលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដ នាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ ក្រសួងផែនការ ជាប្រចាំក្នុងរយៈពេលកន្លងមក ព្រមទាំងកោតសរសើរចំពោះនាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ ដែលជាសេនាធិការរបស់ក្រុមប្រឹក្សាជាតិ ស្តីពីអាហារូបត្ថម្ភជាតិ ដែលបានដឹកនាំអនុវត្តកម្មវិធីបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ជាពិសេសកម្មវិធីលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូដយ៉ាងសកម្ម និងដោយឆន្ទៈមុះ មុតរហូតមកដល់សព្វថ្ងៃនេះដោយទទួលបានលទ្ធផលគួជាទីមោទនៈ។
លោក ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ ក្រសួងផែនការ បានលើកឡើងថា៖ កង្វះអាហារូបត្ថម្ភបង្កឡើងដោយបញ្ហាចំបងៗ២យ៉ាង គឺកង្វះប្រូតេអ៊ីន ថាមពល និងកង្វះពពួកមីក្រូសារជាតិដូចជាៈ ជាតិដែក ជាតិអ៊ីយ៉ូដ ជីវជាតិអា ។ល។ ហើយកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ និង ដោយស្ងៀមស្ងាត់ដល់ សុខភាពសាធារណៈ ជាពិសេស ស្ត្រីនិងកុមារតូចៗ ។
លោកបន្តថា ផ្អែកតាមលទ្ធផល អង្កេតប្រជាសាស្ត្រនិងសុខភាព កម្ពុជាឆ្នាំ២០១០ បានបង្ហាញថា កុមារអាយុក្រោម៥ឆ្នាំចំនួន៤០% និងស្ត្រី ចំនួន១៩% មានបញ្ហាកង្វះអាហារូបត្ថម្ភរ៉ាំរ៉ៃ ។ លទ្ធផលអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០១៤ បានបង្ហាញឱ្យឃើញថា អត្រាភាពស្លេកស្លាំងដែលបណ្តាលមកពីកង្វះជាតិដែក មានកម្រិតខ្ពស់ គឺ ៥៦% ក្នុងចំណោមកុមារ អាយុក្រោម៥ឆ្នាំ ៤៥% ក្នុងចំណោមស្ត្រី ក្នុងវ័យបន្តពូជ និង ៧៦% នៃស្ត្រីមានផ្ទៃពោះបានលេបគ្រាប់ថ្នាំជាតិដែក បន្ថែម៩០ថ្ងៃ តាមការណែនាំ។
លោកបញ្ជាក់ផងដែរថា៖កង្វះអាហារូបត្ថម្ភ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗ ទៀតដែលបង្កឱ្យមានអត្រាស្លាប់របស់ស្ត្រីនិងកុមារមានកម្រិតខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា បានយល់ច្បាស់អំពីបញ្ហានេះ គឺការខាតបង់ធនធានមនុស្ស ការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរ និងជាឧបសគ្គយ៉ាងធំក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ។ រាជរដ្ឋាភិបាលនៅតែចាត់ទុកកង្វះអាហារូបត្ថម្ភ ជាបញ្ហាអាទិភាពដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ដែលបានកំណត់នៅក្នុង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ និងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ២០១៤-២០១៨ ហើយគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដែលទើបបានដាក់ឲ្យអនុវត្តក្នុងពេលថ្មីៗនេះ ក៏បានគិតគូរដល់ការលើកកម្ពស់ អាហារូបត្ថម្ភដែរ៕

អត្ថបទដែលជាប់ទាក់ទង