បង្រ្កាបមុខសញ្ញាចែកចាយ រក្សាទុកដោយខុសច្បាប់ ០២នាក់ ដកហូតវត្ថុតាងមួយចំនួន
កំពង់ស្ពឺ ៖ នៅរសៀលថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នគរបាលស្រាវជ្រាវដោយសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ឈានទៅឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន០១នាក់មានឈ្មោះ ហោ ម៉េត ហៅម៉េត ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចរកឃេីញនិងដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន ០១កញ្ចប់មធ្យម, ទូរស័ព្ទដៃ ០១គ្រឿង និងម៉ូតូ ០១គ្រឿងម៉ាក Honda Dream ១២៥ ព័ណ៍ខ្មៅ ស្លាកលេខ សៀមរាប 1B-1633 ។
ដោយទទួលបានចម្លេីយថាឈ្មោះ រឿន សំ ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិថ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ជាម្ចាស់គ្រឿងញៀន សមត្ថកិច្ចបានបន្ដអនុវត្តពន្លាតនិងឈានទៅឃាត់ខ្លួនតែម្ដង នៅចំណុចភូមិថ្លុកដូនស ឃុំស្រង់ បន្ដឆែកឆេររកឃើញមានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០៩កញ្ចប់ (ធំ០១-មធ្យម០១-តូច០៧), ទូរស័ព្ទដៃ ០១គ្រឿង និងឧបករណ៍វេចខ្ចប់ប្រើប្រាស់មួយចំនួន ។ បញ្ជូនមុខសញ្ញាទាំង០២មកកាន់អធិការដ្ឋាននគរបាលស្រុកគងពិសី ដេីម្បីបន្ដនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដ ចំណាត់ការនីតិវិធីច្បាប់ ៕