អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ៖ សមត្ថកិច្ចគ្រប់មូលដ្ឋាន បង្ក្រាបក្មេងករណីទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ទី១០ ខែមីនា ឆ្នាំ២០២៥ សមត្ថកិច្ចគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងករណីទំនើងជាង១០ករណី និងឃាត់ខ្លួនមនុស្សជាង៥០នាក់ ដោយភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធធនាគារ។
លោក ទូច សុឃៈ សង្កត់ធ្ងន់ថា ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងបានអនុវត្តយ៉ាងសកម្ម និងតឹងរឹងបំផុត ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងការដឹកនាំតម្រង់ទិសជាប្រចាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ ជាមួយគ្នានេះ តាមរយៈការអនុវត្តវិធានការបង្ក្រាបយ៉ាងក្ដៅគគុកពីកម្លាំងសមត្ថកិច្ចបានធ្វើឱ្យករណីក្មេងទំនើងថយចុះគួរឱ្យកត់សម្គាល់នារយៈកាលចុងក្រោយនេះ ពីព្រោះពួកគេដឹង និងឃើញដោយផ្ទាល់ភ្នែកថា រាល់ក្រុមក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនភាគច្រើនត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។
បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ការបង្រ្កាបក្មេងទំនើងក្នុងរយៈពេល១០ថ្ងៃ ក្នុងខែមីនានេះ ភាគច្រើនកើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង សៀមរាប ព្រះវិហារ ក្រចេះ រតនគិរី ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕

អត្ថបទដែលជាប់ទាក់ទង